រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញរដ្ឋបាលខេត្តរតនគិរី ឲ្យបន្តចលនាអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ដើម្បីលើកកម្ពស់ការចូលរួមបង្ការទប់ស្កាត់ បង្រ្កាបបទល្មើសនានា ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត

0

ខេត្តរតនគិរី៖ ប្រសាសន៍ជំរុញរបស់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា បានធ្វើឡើងក្នុងគ្រាដែល ឯកឧត្តម បានអញ្ជើញដ៏ខ្ពង់ខ្ពស់ជាអធិបតីក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តរតនគិរី នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ។

អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន បានគោរពរាយការណ៍អំពីលទ្ធផល នៃអង្គសន្និបាតក្នុងរយៈពេល ១ថ្ងៃពេញមកនេះ ដោយអង្គសន្និបាតបានធ្វើការវាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការដៃគូអភិវឌ្ឍន៍ ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានសហការរួមគ្នាសម្រេចបានសមិទ្ធផល និងស្នាដៃការងារជាច្រើនកន្លង មកគួរជាទីមោទន។

លោកអភិបាលខេត្តរតនគិរី បានបន្តថា អង្គសន្និបាតទាំងមូលបានប្ដេជ្ញាចិត្តរួមគ្នាយ៉ាងមុតមាំ ដើម្បីពុះពារជម្នះគ្រប់ឧបសគ្គ រិះរកវិធីដោះស្រាយរាល់បញ្ហាប្រឈម ដែលនៅសេសសល់ ដោយបានឯកភាពទៅលើទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត ដើម្បីសម្រេចបាននូវចក្ខុវិស័យ ដែលបានឆ្លុះបញ្ចាំងក្នុងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត ជាពិសេសឆ្លើយតបទៅនឹង គោលដៅយុទ្ធសាស្ត្ររយៈពេលខ្លី នៃគោលនយោបាយអាទិភាពទាំង ៦ចំណុច របស់រាជរដ្ឋាភិបាល និងគោលដៅអភិវឌ្ឍន៍រយៈពេលវែងនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យរួម របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសគាំទ្រយ៉ាងពេញទំហឹង អនុវត្ត នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ ប្រកបដោយឈ្លាសវៃ និងមុតស្រួចរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណទាំងប្រាំ រួមមាន៖ ១. ការអភិវឌ្ឍ ធនធានមនុស្ស ២.ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្កើនភាពប្រកួតប្រជែង ៣.ការអភិវឌ្ឍវិស័យឯកជន និងការងារ ៤.ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន និង៥.អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថល ព្រមទាំងមានការកំណែទម្រង់ពង្រឹងអភិបាលកិច្ចល្អ និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ជាស្នូលនៃយុទ្ធសាស្ត្រ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដម អភិសន្តិបណ្ឌិត ស  សុខា បានមានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំបឹងប្រែងបំពេញការងារ យកអស់កម្លាំងកាយចិត្តរបស់រដ្ឋបាលខេត្តរតនគិរី និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ក្នុងការធានាបាននិរន្តរភាពការងារ និងការអភិវឌ្ឍន៍ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត ប្រកបដោយភាពរីកចម្រើនជាបន្តរបន្ទាប់។

ឯកឧត្ដម អភិសន្តិបណ្ឌិត ស  សុខា​ មានប្រសាសន៍ថា យោងតាមរបាយការណ៍របស់ ឯកឧត្តម អភិបាលខេត្ត បានរាយការណ៍ អំពីលទ្ធផលនៃការធ្វើសន្និបាត បានបញ្ជាក់ឲ្យឃើញថា ខេត្តរតនគិរីក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានយកអស់កម្លាំងកាយចិត្តក្នុងការបម្រើផលប្រយោជន៍ ជូនបងប្អូនប្រជាពលរដ្ឋ និងធ្វើអោយខេត្តរតនគិរី កាន់តែរីកចម្រើនបន្ថែមទៀត។

ឯកឧត្ដម អភិសន្តិបណ្ឌិត បានមានប្រសាសន៍ទៀតថា ឆ្នាំ២០២៤នេះ ជាឆ្នាំទី១ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជារបៀបវារៈនយោបាយដ៏សំខាន់ សម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយទស្សនវិស័យច្បាស់លាស់ និងវែងឆ្ងាយ និងនាំប្រទេសជាតិ ឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត ក្នុងនោះស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យ ក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ។

ឯកឧត្ដម អភិសន្តិបណ្ឌិត ស  សុខា មានប្រសាសន៍បន្ថែមទៀតថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្ដម អភិសន្តិបណ្ឌិត បានជំរុញរដ្ឋបាលខេត្តរតនគិរី ឲ្យបន្តចលនាអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ដើម្បីលើកកម្ពស់ការចូលរួមបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសនានា ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត បន្តទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ជាពិសេសសកម្មភាពលួច ឆក់ ប្លន់ ការប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់ និងសកម្មភាពក្មេងទំនើងជាដើម ព្រមទាំងគិតគូរត្រៀមវិធានការ និងមធ្យោបាយនានា ក្នុងការបង្ការ និងពន្លត់អគ្គិភ័យ បន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ផ្អែកតាមផែនការយុទ្ធសាស្ត្រទសវត្សរ៍ សុវត្ថិភាពចរាចរណ៍ផ្លូវគោក។

នៅក្នុងឱកាសនោះផងទៀត ឯកឧត្ដម អភិសន្តិបណ្ឌិត ក៏បានអញ្ជើញបំពាក់គ្រឿងឥស្សរិយសដល់មន្ត្រីរាជការ ដែលមានស្នាដៃ ក្នុងការអភិវឌ្ឍន៍ ប្រទេសជាតិផងដែរ៕ដោយ៖ឡុង សំបូរ