កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញប្រគល់ជ័យលាភី និងរង្វាន់លេីកទឹកចិត្តដល់ក្រុមកីឡាករបាល់ទាត់ ក្នុងពិធីបិទព្រឹត្តិការនៃការប្រកួតពានរង្វាន់របស់ឯកឧត្តម អ៊ុន ចាន់ដា សន្តិភាព រដូវកាលទី២ ឆ្នាំ២០២៤ នៅស្រុកស្ទឹងត្រង់ នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្តែងនូវការកោតសរសើរ ដល់លោកបណ្ឌិត សុះ សាក់រ៉ូនី ដែលបានខិតខំយកអស់កម្លាំងកាយ និងបានគៀងគរ បងប្អូន អ្នកស្នេហាកីឡាបាល់ទាត់ ដើម្បីរៀបចំការប្រកួតក្នុងព្រឹត្តិការណ៍នៃការប្រកួតរដូវកាលទី២ ឆ្នាំ២០២៤ ដោយមានការចូលរួមប្រកួតពីសំណាក់ក្រុមកីឡាករបាល់ទាត់ ចំនួន ១៦ក្រុម ក្នុងនោះ មកពីខេត្តកំពង់ចាម មានចំនួន ៤ក្រុម, ខេត្តត្បូងឃ្មុំ ៩ក្រុម ខេត្តក្រចេះ ២ក្រុម និងខេត្តកំពង់ធំ ១ក្រុម ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរបស់ក្រុមកីឡាករនីមួយៗ រយៈពេល ៥ ថ្ងៃមកនេះ ជាលទ្ធផល ដែលទទួលជ័យលាភីលេខ ១ បានទៅលើ ក្រុមកីឡាអធិរាជ ស កំពង់ទ្រាស ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ទទួលបានប្រាក់ឧបត្ថម្ភ ចំនួន ២០លានរៀល . លេខ ២ បានទៅលើក្រុម នាគកំណាចសាច់សូរ ស្រុកកងមាស ខេត្តកំពង់ចាម ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០លានរៀល . និងចំណាត់ថ្នាក់លេខ ៣ បានទៅលើ ក្រុមមហាហង្សឈើទាលភ្លោះ ស្រុកឆ្លូង ខេត្តក្រចេះ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៥លានរៀល ចំណែកចំណាត់ថ្នាក់លេខ ៤ បានទៅលើ ក្រុមមហាគ្រួសារទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្តចំនួន ៤លានរៀល ។
ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា បានសង្កត់ធ្ងន់ថា សម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេស និងជាប្រតិបត្តិករ នយោបាយឈ្នះឈ្នះ បានធ្វើឱ្យប្រទេសជាតិយើង ទទួលបាននូវសុខសន្តិភាពយ៉ាងពេញលេញ មានស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះ វិស័យកីឡា បាននឹងកំពុងរីកចម្រើនយ៉ាងផុលផុស ក្នុងសង្គមជាតិ ជាទីពេញចិត្តនៃយុវជន យុវវ័យ ប្រជាពលរដ្ឋទូទាំងប្រទេស។ ដែលកីឡាក្លាយជាចលនាអប់រំកាយ អប់រំសុខភាព អប់រំសង្គម-វប្បធម៌ អប់រំការរស់នៅ អប់រំឥរិយាបថ ដោយផ្តល់ជូនប្រជាពលរដ្ឋ និងយុវជន ឱ្យស្គាល់តម្លៃនៃជីវិត តម្លៃនៃការខិតខំប្រឹងប្រែងមានជំនឿចិត្ត លើខ្លួនឯង និងឈ្នះលើខ្លួនឯង ដើម្បីឈានទៅរកកិត្តិយស កិត្យានុភាពជាតិលើឆាកអន្តរជាតិផងដែរ ៕