កំពង់ឆ្នាំង៖ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ស្តីពីការទទួលព័ត៌មានសាធារណៈពីប្រជាពលរដ្ឋរបស់ក្រុមប្រឹក្សាស្រុករលាប្អៀរ ដើម្បីស្វែងរកដំណោះស្រាយនិងកង្វល់ របស់ប្រជាពលរដ្ឋមួយចំនួន ដែលជាកង្វះខាតរបស់អាជ្ញាធរដែនដីបំរើគាត់មិនបានល្អ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅវត្តព្រះទ្វារក្នុងឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ពិធីនេះមានការចូលរួមពី លោក អ៊ុំ ម៉ានិត ប្រ ធានក្រុមប្រឹក្សាស្រុករលាប្អៀរ លោក ឡេង និវត្ត តំណាងអោយវិទ្យាស្ថានAPI លោកប្រធានការិយាល័យជំនាញជុំវិញស្រុក អាជ្ញាធរដែនដី និងប្រជាពលរដ្ឋសរុបមានចំនួន២០៨នាក់។
នៅក្នុងវេទិកានេះតំណាងប្រជាពលរដ្ឋជាច្រើនបាន លើកឡើងអំពីក្តីកង្វល់ របស់ពួកមកសំណូមពរដល់ គណៈអធិបតីដូចជា៖ ក្មេងទំនើង ល្បែងស៊ីសង សណ្តាប់ធ្នាប់ទីផ្សារ បរិស្ថាន សេវាសុខមាលភាពប្រជាពលរដ្ឋ សេវាសាធារណៈ និងបញ្ហាមួយចំនួនទៀត នៅក្នុងមូលដ្ឋាន របស់ពួកគាត់ផងដែរ។
ឆ្លើយទៅនឹងក្តីកង្វល់របស់ប្រជាពលរដ្ឋនោះលោក សោម វឺន អភិបាលស្រុករលាប្អៀរ បានមាននិយាយថា ចំពោះបញ្ហា ក្មេងទំនើង ល្បែងស៊ីសង និងបញ្ហាសំរាម គឺសូមអោយបងប្អូនប្រជាពលរដ្ឋយើង សហការជាសមត្ថកិច្ច និង ការិយាល័យបរិស្ថាន ដើម្បីចូលរួមទប់ស្កាត់ទាំងអស់គ្នា ហើយចំពោះបញ្ហាផ្សេងៗទៀតលោក និងទទួលយកទាំងអស់ដើម្បីធ្វើការសិក្សា ដោះស្រាយជូនប្រជាពលរដ្ឋជាក្រោយ។
ទន្ទឹមនោះដែរលោកអភិបាលស្រុក បានអោយអាជ្ញាធរដែនដី ការិយាល័យ ជំនាញ នីមួយៗ បកស្រាយនិងដោះស្រាយនូវកង្វល់ជូនប្រជាពលរដ្ឋ ហើយលោកបានទទួលយកទាំងអស់ នូវសំណូមពរ របស់ប្រជាពលរដ្ឋទៅដោះស្រាយអោយមានភាពសមស្របទតាមផ្លូវច្បាប់។
លោក សោម វឺន បានមានប្រសាសន៍បន្តទៀតថា៖រាជរដ្ឋាភិបាលដែលដឹកនាំគណបក្សប្រជាជនកម្ពុជា តែងតែគិតគូរដល់ បងប្អូនជានិច្ច ហើយរដ្ឋាភិបាល មិនចង់អោយប្រជាពលរដ្ឋ ក្រីក្រនោះទេ ទាំងកម្មករ កម្មការិនី មន្ត្រីរាជការ ប៉ុន្តែការដោះស្រាយត្រូវតែផ្អែកទៅលើ
កំណើនសេដ្ឋកិច្ចជាតិ ដូច្នេះប្រជាពលរដ្ឋត្រូវតែមាន ជំនឿទុកចិត្តលើគណបក្សប្រជាជន កុំចាញ់ការញុះញង់គេអោយសោះ ដែលនាំអោយប្រទេសជាតិមានអស្ថេរភាពនយោបាយ និងមានអសន្តិសុខ ធ្វើអោយប៉ះពាល់ដល់ជីវភាពរស់នៅ និងអាចអោយប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្គ្រាមជាថ្មីទៀត៕




































