អបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៤ ក្រោមប្រធានបទ “ពង្រឹងគុណភាពសេវាថែទាំសុខភាពមាតា ទារក និងកុមារ ដើម្បីឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល”

0

សៀមរាប៖ នារសៀលថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីជួបសំណេះសំណាលសួរសុខទុក្ខមាតា ទារក និងកុមារចំនួន ៨០នាក់ នៅមណ្ឌលសុខភាព ពង្រក្រោម ស្រុកជីក្រែងរួចមក លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាកាកបាទក្រហកម្ពុជា ខេត្តសៀមរាប បានដឹកនាំប្រតិភូសាខា ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ ទណ្ឌិត និងជនជាប់ចោទ ជាស្ត្រីមានកូនតូចតាមចំនួន ១៥នាក់ នៅពន្ធនាគារ ខេត្តសៀមរាប ក្នុងឱកាសអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៤ ក្រោមប្រធានបទ “ពង្រឹងគុណភាពសេវាថែទាំសុខភាពមាតា ទារក និងកុមារ ដើម្បីឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល”។

មានប្រសាសន៍នាឱកាសនោះ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា ហើយយលោកជំទាវបានលើកឡើងថា ក្នុងគោលបំណងលើកកម្ពស់ការយកចិត្តទុកដាក់ចំពោះសុខភាពមាតា ទារក និងកុមារ និងដើម្បីអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ។ លោកជំទាវបានលើកឡើងចំពោះមាតាដែលមានកូនតូចទាំងអស់ នៅក្នុងពន្ធនាគារ ត្រូវចេះថែទាំសុខភាព និងខិតខំកែប្រែខ្លួន ឱ្យក្លាយទៅជាពលរដ្ឋល្អ ដើមី្បឆាប់បានវិលត្រឡប់ទៅកាន់ភូមិដ្ឋាន ជួបជុំក្រុមគ្រួសារ ប្រកបការងារសុច្ចរិត ក្នុងការកសាងសង្គមគ្រួសារមួយដ៏ល្អនៅក្នុងសង្គម។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនម្នាក់ៗទទួលបាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្សែងពោះធំ១ សម្ភារទារក១កញ្ចប់ (ខោអាវទារក ១កំប្លេរ ស្រោមដៃស្រោមជើង ១គូ) សាប៊ូក្រអូប២ដុំ អំបិល១គីឡូក្រាម ស្ករស១គីឡូក្រាម ត្រីខ១យួរ មី១កេស ទឹកភេសជ្ជៈ៨កំប៉ុង និងថវិកាចំនួន ៥ម៉ឺនរៀល៕