(កំំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយនឹងថ្នាក់ដឹកនាំ នៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ បាននាំយកថវិកាធានារ៉ាប់រងសង្គមចំនួន២២.១៩៥.២០០រៀល និងអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនគ្រួសារសពអតីតយុទ្ធជនចំនួន២ គ្រួសារ ដោយក្នុង១គ្រួសារសពទទួលបានថវិកា ចំនួនជាង ១១ លានរៀល និងអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន១យួរ និងត្រីខកំប៉ុងចំនួន១យួរផងដែរ ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោក ជួន សិលាវុត ប្រធានសាខាមូលនិធិជំនួយសង្គម នៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ធំ បានជម្រាបជូនក្រុមគ្រួសារសពអតីតយុទ្ធជន អំពីរបបថវិកាធានារ៉ាប់រងសង្គម ដែលគ្រួសារនីមួយៗ ត្រូវទទួលបានទៅតាមឋានន្តរសក្តិ និងអតីតភាពការងាររបស់សពអតីតយុទ្ធជននីមួយៗហើយថវិកាធានារ៉ាប់រងសង្គមដែលត្រូវបានប្រគល់ជូននៅពេលនេះ គឺជាការគិតគូរយកចិត្តទុកដាក់ពីប្រមុខរដ្ឋាភិបាលកម្ពុជា។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់ជីវិតរបស់បងប្អូនអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ ចំពោះជាតិមាតុភូមិនិងប្រជាជន និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបងប្អូនអតីតយុទ្ធជនទាំងនោះ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។ ហើយនៅក្នុងឱកាសនោះផងដែរឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការចង្អុលណែនាំរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម លោកបានយកចិត្តទុកដាក់គ្រប់បែបយ៉ាងពីសុខទុក្ខនិជីវភាពរស់របស់បងប្អូនអតីតយុទ្ធជននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ព្រោះបងប្អូនអតីតយុទ្ធជនបានចូលរួមចំណែក ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមាន ប្រសាសន៍ថា ថវិកាធានារ៉ាប់រងសង្គម ដែលត្រូវប្រគល់ជូនគ្រួសារសពអតីតយុទ្ធជននៅថ្ងៃនេះ គឺដោយសារការផ្ដួចផ្ដើមឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅ និងជាដើមទុនក្នុងការប្រកបមុខរបររកទទួលទានរបស់ក្រុមគ្រួសារសពអតីតយុទ្ធជន ដូច្នេះសំណូមពរដល់គ្រួសារសពអតីតយុទ្ធជនយើង ត្រូវខិតខំប្រកបមុខរបររកទទួលទានចិញ្ចឹមជីវិតដោយសុចរិតទៀងត្រង់ និងស្របតាមច្បាប់កំណត់។ អត្ថបទតំបន់សឹករងកំពង់ធំ