ខេត្តរតនគិរី៖ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែង បញ្ជាក់អំពីលក្ខខណ្ឌក្នុងការតែងតាំងនាយទាហាន ដឹកនាំបញ្ជា ក៏ដូចជាប្រធានបណ្តាស្ថាប័ន ក្នុងកងរាជអាវុធហត្ថ ទាមទារនូវលក្ខណៈសម្បត្តិ ៤យ៉ាង គឺ សុខភាពល្អ កាយសប្បទាមាំមួន ,មានសមត្ថភាព វិជ្ជាជីវៈ ជំនាញនិងបទពិសោធន៍ ក្នុងការដឹកនាំ បញ្ជា គ្រប់គ្រង និងមានភាពឆ្លាតវៃ ,មានសីលធម៌ សុជីវធម៌ គុណធម៌ មានភាពស្មោះត្រង់ មានឆន្ទៈ ការលៈបង់ ឧស្សាហព្យាយាម មានភាពក្លាហាន និងមានស្មារតីទទួលខុសត្រូវ ចំពោះតួនាទី ភារកិច្ច ពុំធ្លាប់ទទួលទណ្ឌកម្មតាមច្បាប់លក្ខន្តិក នៃកងយោធពលខេមរភូមិន្ទ ឬការផ្តន្ទាទោសតាមផ្លូវតុលាការ ព្រមទាំងទទួលបាននូវការគោរព ស្រឡាញ់ ពីមិត្តភក្តិក្នុងអង្គភាព និងមហាជន ប្រជាជន និងស្គាល់ ដឹង ចេះ និងប្រើប្រាស់នូវឧបករណ៍បច្ចេកវិទ្យាព័ត៌មាន។
ការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ សៅ សុខា ក្នុងគ្រាដែល លោកនាយឧត្តមសេនីយ៍ អញ្ជើញជាអធិបតីក្នុងពិធី ប្រកាសមុខតំណែង មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី នាព្រឹកថ្ងៃពុធទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី។ នៅក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ,លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ,ប្រធាន ,អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ផងដែរ។
យោងតាមប្រកាសរបស់ ក្រសួងការពារជាតិ សម្រេចតែងតាំង លោក ឧត្តមសេនីយ៍ត្រី សោ សារឿន ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ជំនួសលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន ដែលត្រូវទៅទទួលភារកិច្ចថ្មី។
នាយឧត្តមសេនីយ៍ សៅ សុខា មានប្រសាសន៍ថា យោងកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាល ស្តីពីកំណែទម្រង់កងកម្លាំងប្រដាប់អាវុធ និងយុទ្ធសាស្ត្រធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ ៥ឆ្នាំ កងរាជអាវុធហត្ថ បានសម្រេចការធ្វើកំណែទម្រង់ឆ្ពោះទៅ ប្រមូលផ្តុំ, រៀបរយ, ទំនើបកម្ម និងប្រសិទ្ធភាព។
លោកនាយឧត្តមសេនីយ៍បានបន្តថា ការតែងតាំងដំឡើង ផ្លាស់ប្តូរមុខតំណែង កន្លែងធ្វើការ នៅក្នុងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល ក៏ដូចជាវិស័យឯកជន នោះ គឺជាក្រឹត្យក្រមនៃការងារចាត់តាំង រៀបចំធនធានមនុស្ស ដើម្បីភាពរីកចម្រើនការងារ និងក៏ជាឱកាស នៃការផ្លាស់ប្តូរបរិយាកាស ទីកន្លែងធ្វើការងារ ការផ្លាស់ប្តូរមុខតំណែង គឺមានអត្ថប្រយោជន៍ ៤ជាគន្លឹះគឺ ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាយទាហាន ,រៀបចំធនធានមនុស្សឱ្យស្របនឹងសមត្ថភាពជំនាញ និងនិស្ស័យ ,ជាការផ្តល់ឱកាសសម្រាប់អ្នកបន្តវេន និងជាការផ្លាស់ប្តូរបរិយាកាសការងារ ចែករំលែកបទពិសោធន៍ល្អ ក្នុងបំណងធ្វើឱ្យស្ថាប័ន អង្គភាព រីកចម្រើនព្រមៗគ្នា។
លោកនាយឧត្តមសេនីយ៍ បន្ថែមថា ការតែងតាំងដំឡើង ផ្លាស់ប្តូរមុខតំណែង កន្លែងធ្វើការ គឺ មានឱកាសទទួលបានការសិក្សា រៀនសូត្រ ដើម្បីបង្កើនសមត្ថភាព តាមឱ្យទាន់ការវិវឌ្ឍន៍ថ្មីៗ នៃសភាពការណ៍។ ហើយលក្ខខណ្ឌក្នុងការតែងតាំងនាយទាហាន ដឹកនាំបញ្ជា ក៏ដូចជាប្រធានបណ្តាស្ថាប័ន ក្នុងកងរាជអាវុធហត្ថ ទាមទារ នូវលក្ខណៈសម្បត្តិ ៤យ៉ាង ដូចខាងលើ។
នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន ដែលបានជួយមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការដឹកនាំបញ្ជា គ្រប់គ្រងកងរាជអាវុធហត្ថខេត្តរតនគិរី សម្រេចបាននូវតួនាទី ភារកិច្ចរបស់ខ្លួនក្នុងអាណត្តិ ហើយត្រូវបានផ្លាស់ចេញប្រកបដោយកិត្តិយស ទៅតាមក្រឹត្យក្រមការងារចាត់តាំង ដោយពុំមានកំហុសខុសឆ្គង ឬទទួលវិន័យទណ្ឌកម្ម និងសូមជូនពរលោកឧត្តមសេនីយ៍ ទទួលតួនាទី ភារកិច្ចនៅកន្លែងថ្មី បន្តទទួលបានជោគជ័យ។
នាយឧត្តមសេនីយ៍ សៅ សុខា បានផ្តាំផ្ញើដល់កម្លាំងអាវុធហត្ថទាំងអស់ សូមឈរនៅទីខ្ពស់ សម្លឹងឲ្យបានឆ្ងាយ និងពិនិត្យមើលឲ្យបានច្បាស់នូវប្រភពនៃបញ្ហា ដែលបានកើតឡើងនៅលើពិភពលោក ក៏ដូចជាក្នុងតំបន់ និងភ្ជាប់មកជាមួយប្រទេសកម្ពុជា ដើម្បីធ្វើការពិចារណាឲ្យបានជ្រះថ្លា ដើម្បីកសាងនូវកម្លាំងរួមមួយ ពោលគឺមហាសាមគ្គីប្រជាជាតិទាំងមូល ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
នាយឧត្តមសេនីយ៍ សៅ សុខា បានសង្កត់ធ្ងន់ឲ្យចូលរួមបន្តថែរក្សា សុខសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ ជំរុញការអភិវឌ្ឍប្រទេស ឆ្ពោះទៅកាត់បន្ថយភាពក្រីក្រ របស់ប្រជាជន និងកសាងប្រទេសកម្ពុជាឲ្យបានជឿនលឿន បន្ថែមទៀតសម្រាប់ថ្ងៃអនាគត៕ដោយ៖ឡុង សំបូរ