ខេត្តកែប: បន្ទាប់ពីផ្លូវជាតិលេខ៣៣ ត្រូវបានស្ថាបនា ជួសជុលឡើងវិញ ដោយសម្រេចបានជិតរួចរាល់ដោយបានចាក់និងអ៊ុតកៅស៊ូ រួចរាល់ដោយអន្លើ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានណែនាំដល់ប្រធានស្ថានីយថ្លឹងរថយន្តត្រូវពង្រឹងការងាររបស់ខ្លួនអោយបានល្អប្រសើរ។
ចំពោះចំណុចផ្លូវសំខាន់ដែលត្រូវពិនិត្យអោយបានហ្មត់ចត់ដែលឆ្លងកាត់តំបន់ខេត្តកែប ដោយត្រូវបានតភ្ជាប់ពីចំណុចរូបសំណាកព្រាបស នៃភូមិសាស្ត្រស្រុកដំណាក់ចង្អើរ រហូតដល់ព្រំប្រទល់ស្រុកទឹកឈូ ខេត្តកំពត មានប្រវែង១៨គីឡូម៉ែត្រតែប៉ុណ្ណោះ។ដោយសារផ្លូវនេះមានការធ្វើដំណើរយ៉ាងមមាញឹកពីសំណាក់អ្នកដំណើរតាមយានយន្តគ្រប់ប្រភេទ ជាពិសេសការដឹកជញ្ជូនទំនិញធន់ធ្ងន់មាន ដូចជា ស៉ីម៉ងត៍ ធ្យូងថ្ម និងរ៉ែគ្រប់ប្រភេទ ទើបតម្រូវអោយអ្នកគ្រប់គ្រងស្ថានីយថ្លឹងរថយន្តត្រូវពង្រឹងការងារអោយបានល្អប្រសើរនិងហ្មត់ចត់បំផុត។លើសពីនេះ ដើម្បីធានានិរន្តភាពនៃផ្លូវមួយខ្សែដែលបានជួសជុលបានស្អាតហើយនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញដល់អ្នកគ្រប់គ្រងស្ថានីយថ្លឹងរថយន្ត ត្រូវពង្រឹងបន្ថែម គឺត្រួតពិនិត្យប្រភេទរថយន្តដឹកធ្ងន់ៗ ដោយអនុវត្តន៍ទៅតាមតារាងកំណត់ទម្ងន់អតិបរមា និងទម្ងន់កម្រិតអនុគ្រោះមិនលើសពី៥% តាមប្រភេទយានយន្តដឹកជញ្ជូន ដែលបានកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។
ការលើកឡើងបែបនេះ ក្នុងឱកាសបិទសន្និបាតរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប កន្លងទៅថ្មីៗនេះ។ក្នុងនោះលោកអភិបាលខេត្តបានសង្កត់ធ្ងន់ដល់ប្រធានស្ថានីយថ្លឹងរថយន្តខេត្តកែប តាមរយ:លោកម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ត្រូវធ្វើរបាយការណ៍ប្រចាំថ្ងៃជូនដល់លោក នៃចំនួនរថយន្តឆ្លងកាត់ ស្ថានីយថ្លឹងរថយន្ត និងរថយន្តល្មើសជាដើម។
យ៉ាងណាចំពោះរបាយការណ៍រថយន្តឆ្លងកាត់ ឬ រថយន្តល្មើស ដែលឆ្លងកាត់តំបន់ខេត្តកែប នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ អ្នកយកព័ត៌មានមិនទាន់បានទទួលពីប្រធានគ្រប់គ្រងស្ថានីយថ្លឹងរថយន្តនៅឡើយទេ៕ សេង ណារិទ្ធ