ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ដាក់គោលការណ៍សំខាន់ៗចំនួន៦ចំណុច ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤

0

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ឯកឧត្តម ងួន រតនៈ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំផែនការសកម្មភាពឆ្ពោះទៅកាន់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅសាលប្រជុំទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។

  កម្មវិធីប្រជុំនេះក៏មានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត ក្រុមប្រឹក្សាខេត្ត កងកម្លាំងទាំងបី ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត អភិបាលក្រុង/ស្រុកទាំង៩ និងសមាជិកសមាជិកាជាច្រើនអ្នកផងដែរ។

ឯកឧត្តម ងួន រតនៈ បានថ្លែងថាគោលការណ៍សំខាន់ៗ៦ចំណុចដែលត្រូវក្តាប់ជាប់មានខ្លឹមសារដូចខាងក្រោម។÷
១-សមាជិកក្រុមប្រឹក្សា ត្រូវជ្រើសរើសឡើងដោយការបោះឆ្នោតអសកល ត្រឹមត្រូវ យុត្តិធម៌ តាមវិធីជ្រើសរើសជាសម្ងាត់។ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៅក្នុងមុខតំណែងទាំងអស់ គឺជាអ្នកបោះឆ្នោត។ ខេត្តជាមណ្ឌលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត។ ក្រុង/ស្រុក ជាមណ្ឌល បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ។ ការិយាល័យបោះឆ្នោតស្ថិតនៅតាមក្រុង/ស្រុក។
២-បច្ចុប្បន្ន សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាសមាជិកគណបក្សប្រជាជនកម្ពុជានៅទូទាំង ខេត្តមានចំនួន ៤០៦ នាក់ ស្មើនឹង៦៩.៤០% នៃចំនួនអ្នកបោះឆ្នោតសរុប ៥៨៥ នាក់។ គណៈកម្មាធិការ គណបក្សក្រុង ស្រុក ត្រូវរក្សាឲ្យបានសំឡេងគាំទ្រគណបក្សឲ្យគ្រប់តាមចំនួនសមាជិកគណបក្សដែលជាអង្គ បោះឆ្នោត ឬបានលើសពីនេះ ដូចកាលបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី ៥ កន្លងទៅ ជា ពិសេស ត្រូវរក្សាឲ្យបាននូវតំណែងជាប្រធានក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង និងក្រុមប្រឹក្សាស្រុកទាំងអស់។
៣-ក្នុងការិយាល័យបោះឆ្នោតមួយ មានហិបឆ្នោត២។ អ្នកបោះឆ្នោតម្នាក់ត្រូវបោះឆ្នោត២សន្លឹក÷១សន្លឹកបោះជ្រើសរើសក្រុមប្រឹក្សាក្រុង ឬក្រុមប្រឹក្សាស្រុក ក្នុងហិបឆ្នោតទី ១, ១សន្លឹកទៀត បោះជ្រើស រើសក្រុមប្រឹក្សាខេត្ត ក្នុងហិបឆ្នោតទី ២។
៤-ដើម្បីបោះឆ្នោតបាន សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាអាណត្តិទី ៤ និងត្រូវមានឯកសារបញ្ជាក់អត្តសញ្ញាណដែលមានសុពលភាព។
៥-គ.ជ.ប នឹងផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៤។ ការផ្លាស់ប្តូរ អ្នកបោះឆ្នោត ត្រូវស្នើសុំទៅក្រសួងមហាផ្ទៃ និងទៅ គ.ជ.ប មុនពេលផ្តល់សុពលភាព។ ការស្នើសុំផ្លាស់ប្តូរ អ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតដែលបានផ្តល់សុពលភាពរួចហើយ អាចធ្វើបានតែក្នុងករណីមានអ្នករបោះឆ្នោតណាម្នាក់បានទទួលមរណភាព ហើយការស្នើសុំផ្លាស់ប្តូរនេះត្រូវទៅដល់ក្រវ ដល់ក្រសួងមហាផ្ទៃ និង គ.ជ.ប យ៉ាងយឺតបំផុតត្រឹមថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២៤ ។
៦-ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ បទបញ្ហា និងនីតិវិធីនៃការបោះឆ្នោត និងចូលរួមយ៉ាងសកម្មពង្រឹងបរិយាកាសនយោបាយល្អប្រសើរសម្រាប់ការបោះឆ្នោត។

ឯកឧត្តម ងួន រតនៈ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានបញ្ជាក់ថាដើម្បីឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ សូមឱ្យស្ថាប័នមន្ទីរអង្គភាពទទួលបានផែនការសកម្មភាពនេះ ក្រុមការងារគណបក្ស គណៈបញ្ជាការយុទ្ធនាការបោះឆ្នោត និង គណៈកម្មាធិការគណបក្សក្រុង/ស្រុក/ឃុំ /សង្កាត់ ព្រមទាំងអង្គការចាត់តាំងគណបក្សនៅគ្រប់មន្ទីរ អង្គភាព ជុំវិញខេត្ត និងបណ្តាផ្នែកពាក់ព័ន្ធនានា ត្រូវដឹកនាំអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។