(កំពង់ធំ)÷ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ក្រោមការដឹកនាំរបស់ឯកឧត្តម ងួន រតន: ប្រធានគណ:កម្មាធិការសាខាបានចាត់ឲ្យលោកជំទាវ លំ គន្ធារី អនុប្រធានអចិន្រ្តៃសាខា ទៅចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារក្រីក្រប្តីមានជំងឺមហារីកថ្លើម ដែលមានទីតាំងនៅភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ក្នុងឱកាសនោះលោកជំទាវ លំ គន្ធារី បានពាំនាំប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងឯកឧត្តម ងួន រតន: ប្រធានគណ:កម្មាធិការសាខា ដែលផ្តាំផ្ញើសួរសុខទុក្ខពីចំងាយ ឯកឧត្តមតែងតែគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋព្រមទាំងជនងាយរងគ្រោះបំផុត និងជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋដូចភ្លៀងរលឹម។
ទន្ទឹមនឹងនេះលោកជំទាវអនុប្រធាន បានពាំនាំការអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នអំពីគ្រោះមហន្តរាយផ្សេងៗ ដែលតែងតែកើតឡើងគ្រប់ពេលវេលារួមទាំងចូលរួមលើកកម្ពស់ការរក្សាអនាម័យពិសារទឹកដាំឆ្អិន លេបថ្នាំតាមគ្រូពេទ្យណែនាំ និងសូរស់នៅក្រោមម្លប់នៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសព្វថ្ងៃនេះ។
ជាមួយគ្នានេះអំណោយផ្តល់ជូនរួមមាន ÷ អង្ករ៥០គីឡូក្រាម មី០១កេស ត្រីខ២០កំប៉ុង ទឹកត្រី០១យួរទឹកស៊ីអ៊ីវ០១យួរ ឃីត(សារុង ក្រមា មុង ភួយ) និងថវិកាមួយចំនួនផងដែរ។ អត្ថបទសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ