ក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតំលៃ បញ្ចប់សុពលភាព លើការងារថែទាំផ្លូវជាលក្ខណៈខួប ដោយក្រាលល្បាយក្រួស០២ខ្សែ ប្រវែងសរុប១៤.៨០០ម៉ែត្រ

0

(កំពង់ធំ)÷ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំគណ:កម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក តាន់ វាសនា ប្រធានមន្ទីរស្តីទី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ និងមន្ត្រីបច្ចេកទេសផ្លូវជនបទ បានចុះត្រួតពិនិត្យ និងវាយតំលៃ បញ្ចប់សុពលភាព លើការងារថែទាំផ្លូវជាលក្ខណៈខួប ដោយក្រាលល្បាយក្រួស ចំនួន០២ខ្សែ ប្រវែងសរុប១៤.៨០០ម៉ែត្រ ស្ថិតនៅឃុំព្រៃគុយ និងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ឯកឧត្តម សាន វិសាល បានលើកឡើងថា ដើម្បីឱ្យផ្លូវចំនួន២ខ្សែនេះមានគុណភាព និងប្រសិទ្ធភាពក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ មានសុវត្ថិភាពសូមឱ្យម្ចាស់ក្រុមហ៊ុន ឬគម្រោងណាមួយសាងសង់ឬស្ថាបនាឲ្យបានល្អ ត្រូវតែគោរពទៅគោលការណ៍បច្ចេកទេសតាមស្តង់ដារ ក្នុងការប្រើប្រាស់ផ្លូវនេះមានគុណភាពបានយូរអង្វែង។ សម្រាប់ផ្លូវ២ខ្សែនេះ(អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ជាគម្រោងផែនការឆ្នាំ២០២៣) ស្ថាបនាឱ្យរួចនាពេលខាងនេះ។

ជាចុងក្រោយឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថាជាលទ្ធផលគណៈកម្មការអន្តរក្រសួង បានឯកភាពទទួលយក១០០% លើការងារបញ្ចប់សុពលភាព គម្រោងថែទាំផ្លូវជាលក្ខណៈខួបទាំង០២ខ្សែ ខាងលើទាំងស្រុង។ សូមពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្ថែម ចូលរួមថែរក្សាការពារឱ្យបានល្អចំពោះផ្លូវ ២ខ្សែនេះ ងាយស្រួលក្នុងការធ្វើដំណើរទាំងយប់ទាំងថ្ងៃពិសេសគឺដឹកកសិផលផ្សេងៗប្រកបដោយសុវត្ថិភាព។ អត្ថបទមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ