ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តយុទ្ធនាការបណ្ដុះបណ្ដាល ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់

0

(កំពង់ធំ)÷  ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ បានបើកវគ្គបណ្ដុះបណ្ដាលស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅរដ្ឋបាលឃុំសង្កាត់ជូនជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ចំនួន ១៦៩នាក់ មកពីខេត្តកំពង់ស្ពឺ និងខេត្តកំពង់ធំ ដើម្បីពង្រឹងពង្រីកសមត្ថភាព ជំនាញវិជ្ជាជីវៈ និងលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយមានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ, អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងឧទ្ទេសាចារ្យ សិក្ខាកាម និងមន្ត្រីជំនាញពាក់ព័ន្ធ។

ថ្លែងក្នុងឱកាសនោះ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការកសាង និងការអភិវឌ្ឍសមត្ថភាព ជំនាញវិជ្ជាជីវៈ សម្រាប់គាំទ្រ និង អនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាកម្មវិធីអាទិភាពក្នុងចំណោមកម្មវិធីកែទម្រង់ គន្លឹះរបស់រាជរដ្ឋាភិបាលសំដៅប្រែក្លាយប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ពីប្រព័ន្ធផ្អែកលើធាតុចូល និងមានលក្ខណៈមជ្ឈការ ឆ្ពោះទៅជាប្រព័ន្ធផ្ដោតលើលទ្ធផលឬសមិទ្ធកម្ម និង មានលក្ខណៈវិមជ្ឈការ ស្របតាមស្ដង់ដា និង ឧត្តមានុវត្តន៍អន្តរជាតិ។

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មាន ៤ ដំណាក់កាលសំខាន់ៗគឺៈ ដំណាក់កាលទី១ ពីឆ្នាំ២០០៤ ដល់ ២០០៨ ក្នុងគោលដៅកសាងភាពជឿទុកចិត្តនៃថវិកា, ដំណាក់កាលទី២ ពីឆ្នាំ២០០៩ ដល់ ២០១៥ ក្នុងគោលដៅពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុ, ដំណាក់កាលទី៣ ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៣ ក្នុងគោលដៅពង្រឹងការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងបច្ចុប្បន្ន ឈានដល់ដំណាក់កាលទី៤ (២០២៣ – ២០២៧) ក្នុងគោលដៅពង្រឹងគណនេយ្យភាពសមិទ្ធកម្ម ដែលជាដំណាក់កាលចុងក្រោយ និង ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣កន្លងទៅ។

បណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានយកចិត្តទុកដាក់លើការកសាង និង ការអភិវឌ្ឍសមត្ថភាពមន្រ្តីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ និងបានដាក់ចេញនូវ ផែនការយុទ្ធសាស្ត្រស្តីពីការកសាង និងការអភិវឌ្ឍសមត្ថភាព ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ សម្រាប់តម្រង់ទិសការបណ្ដុះបណ្ដាល និង វិក្រឹតការសមត្ថភាព ជូនមន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្នុងនោះ, ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ គឺជាក្រុមគោលដៅសំខាន់មួយដែលត្រូវយកចិត្តទុកដាក់ខ្ពស់, ពីព្រោះថា ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ ជាតួអង្គសំខាន់នៅរដ្ឋបាលឃុំសង្កាត់, ត្រូវបានបំពាក់ តួនាទី និង ភារកិច្ចស្នូលជាច្រើន ដូចជា រជ្ជទេយ្យករបុរេប្រទាន, រជ្ជទេយ្យករចំណូល, ភ្នាក់ងារបើកផ្ដល់, ជំនួយការមេឃុំចៅសង្កាត់ ក្នុងការរៀបចំផែនការ និង គម្រោងថវិកាប្រចាំឆ្នាំ ព្រមទាំងពិនិត្យ គ្រប់គ្រង និង តាមដានការអនុវត្តថវិកា ជាដើម ដែលតួនាទី និង ភារកិច្ចទាំងនេះ ចាំបាច់ត្រូវទទួលបានការបណ្ដុះបណ្ដាល និង វិក្រឹតការ ដើម្បីពង្រឹងពង្រីកសមត្ថភាព ចំណេះដឹង និង ជំនាញវិជ្ជាជីវៈ។

បណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា វគ្គបណ្ដុះបណ្ដាលនេះ មិនត្រឹមតែចូលរួមចំណែកដល់ការគាំទ្រ និង ការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ-ដំណាក់កាលទី ៤ ប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងចូលរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្ស ដែលត្រូវបានរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយថាមពល និង ប៉ិនប្រសប់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចាត់ទុកជាអាទិភាពខ្ពស់បំផុតក្នុង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព៕ អត្ថបទរតនាគារខេត្តកំពង់ធំ