សិក្ខាសាលាណែនាំ ស្ដីពីគម្រោងកាត់បន្ថយហានិភ័យជំងឺមិនឆ្លងតាមគ្រឹះស្ថានសិក្សា    

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នាយកដ្ឋានសុខភាពសិក្សា ក្រោមជំនួយ​ឧបត្ថម្ភ​
ពី​អង្គការ​ហេឡែនខេលល័រអន្តរជាតិ បានបើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីគម្រោងកាត់បន្ថយ​ហានិភ័យ​ជំងឺ​មិន​ឆ្លង តាមគ្រឹះស្ថានសិក្សា នៅកម្ពុជាជូនដល់ដៃគូពាក់ព័ន្ធ ក្នុងនោះមាន​មន្ត្រីការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិបារាយណ៍-សន្ទុក ស្រុកស្ទោង មន្ត្រីការិយាល័យសុខភាពសិក្សា នៃមន្ទីរអប់រំ យុវជន និង​កីឡា មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុកទាំងបី នាយក នាយិកាសាលា​មក​ពី១៤សាលា ស្រុកតាំងគោក មកពីស្រុកសន្ទុក១៣សាលា និងស្រុកស្ទោងចំនួន១៣សាលា។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមវេជ្ជបណ្ឌិត យង់ គន្ធារិទ្ធិ អនុប្រធាននាយកដ្ឋានសុខភាព នៃក្រសួងអប់រំ យុវជន និងកីឡា លោក តាន់ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន កីឡាខេត្តកំពង់ធំ ការរៀបចំឱ្យមានសិក្ខាសាលានេះ ក្នុងគោលបំណងណែនាំគម្រោង កាត់បន្ថយ​ហានិភ័យ​ជំងឺមិនឆ្លងនៅកម្ពុជា ដល់ដៃគូពាក់ព័ន្ធ ជាពិសេសគណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ ដែល​ជាប្រតិបត្តិករដ៏សំខាន់ នៅក្នុងវិស័យអប់រំ។ ដើម្បីបង្កើនការ​យល់ដឹងពីការ​លើកកម្ពស់​សុវត្ថិភាព​ចំណីអាហារ និងអាហារប្រកបដោយសុខភាពផងដែរ។

ឯកឧត្តមវេជ្ជបណ្ឌិត យង់ គន្ធារិទ្ធិ បានថ្លែងថាក្នុងពិធីបើកសិក្ខាសាលា ស្ដីពី គម្រោងកាត់បន្ថយហានិភ័យជំងឺមិនឆ្លង នៅតាម​គ្រឹះស្ថាន​សិក្សា ក្នុងប្រទេសកម្ពុជា ជូនដល់នាយក នាយិកាសាលាគោលដៅ។ ភាពចាំបាច់ក្នុងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការ​លើក​កម្ពស់​សុខភាព នៅតាមគ្រឹះស្ថានសិក្សា ក្នុងគោលដៅបង្កើតនូវមូលធនមនុស្ស ដែលពេញលេញ​ដោយ​សម្បទា​ទាំង៥ គឺកាយចិត្តសម្បទា វិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងគុណសម្បទា។

ទន្ទឹមនឹង​នោះ ឯកឧត្តមវេជ្ជបណ្ឌិតអនុប្រធាននាយកដ្ឋានក៏បានមានប្រសាសន៍លើកឡើងពីបាវចនា នៃកំណែ​ទម្រង់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងនីតិកាលទី៧ ក្រោមយុទ្ធ​សាស្ត្រ​បញ្ច​កោណដំណាក់កាលទី១ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែល​ផ្ដោត​លើវិស័យ​០៥គឺ មនុស្ស ទឹក ផ្លូវ ភ្លើង និងឌីជីថល។

ជាមួយគ្នានោះឯកឧត្តមវេជ្ជបណ្ឌិត យង់ គន្ធារិទ្ធិ អនុប្រធាននាយកដ្ឋានសុខភាព នៃក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់អនុសាសន៍ល្អៗជាច្រើន ក្នុងការថែទាំសុខភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ ពិសេសត្រូវយកចិត្តទុក​ដាក់ការជ្រើសរើស​អាហារញ៉ាំ ដោយត្រូវញ៉ាំខ្លាញ់តិច ស្ករតិច អំបិលតិច តាមពាក្យស្លោក ស្រឡាញ់ខ្លួនឱ្យស្ងួនចំណី។ អត្ថបទមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ