នាយឧត្តមសេនីយ៍ សៅ សុខា ជំរុញមេបញ្ជាការកងរាជអាវុធហត្ថថ្មី ខេត្តស្ទឹងត្រែង ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំការពារសន្តិសុខ ជូនប្រជាពលរដ្ឋ អោយបានល្អប្រសើរ !

0

ខេត្តស្ទឹងត្រែង៖ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ សៅ សុខា ដែលជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសប្រទេស បានជំរុញមេបញ្ជាការកងរាជអាវុធហត្ថថ្មី ខេត្តស្ទឹងត្រែង ឱ្យពង្រឹងសាមគ្គីភាពផ្ទៃក្នុង ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ដែលស្ថិតក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រង ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងសង្គមជាតិឱ្យបានល្អប្រសើរ។

ប្រសាសន៍ដាស់តឿនរបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសប្រទេស នៅក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្កិ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤​ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។

យោងសេចក្តីសម្រេច លោកវរសេនីយ៍ឯក សេង សុភាព អតីតមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ត្រូវបានប្រកាសចូលកាន់មុខតំណែង ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងបំពាក់ឋានន្តរសក្តិ ថ្នាក់ឧត្តមសេនីយ៍ត្រី ជំនួសមុខតំណែង លោកឧត្តមសេនីយត្រី អៀង វ៉ាន់ឌី ដែលត្រូវផ្ទេរភារកិច្ចទៅកន្លែងថ្មី។ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានបំពេញតួនាទី ភារកិច្ច និងកាន់មុខតំណែង ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង អស់រយៈពេលជិត ១១ឆ្នាំ (២០១៣-២៥មេសា២០២៤) កន្លងមក។

នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែង ដាស់តឿនដល់មេបញ្ជាការកងរាជអាវុធហត្ថថ្មី ខេត្តស្ទឹងត្រែង រួមទាំងកងរាជអាវុធហត្ថខេត្តទាំងអស់ ត្រូវខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ព្រោះកត្តាសាមគ្គីភាពបាននាំមកនូវជ័យជំនះ តែបើគ្មានសាមគ្គីភាពល្អនោះទេ នោះការបំពេញ ការអនុវត្តតួនាទី ភារកិច្ច ក៏មិនទទួលបានល្អ និងជោគជ័យនោះដែរ។ ហើយត្រូវបន្តសហការជាមួយបណ្តាកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ (អង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្ត ស្នងការដ្ឋាននគបាលខេត្ត រួមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់) ត្រូវចូលរួមយ៉ាងសកម្មជាមួយ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រះរាជអាជ្ញាខេត្ត សាលាដំបូងខេត្ត ក្នុងការបង្ក្រាបរាល់បទល្មើសគ្រឿងញៀន បទល្មើសឈូសបំផ្លាញទន្ទ្រានព្រៃ(ព្រៃលិចទឹក) បទល្មើសល្បែងស៊ីសង បទល្មើសនេសាទគ្រប់ប្រភេទ និងបទល្មើសនានា ឱ្យមានប្រសិទ្ធិភាព ត្រូវសហការយ៉ាងណាឱ្យបានល្អ ដើម្បីបំពេញភារកិច្ច ជូនថ្នាក់ដឹកនាំ ក៏ដូចរាជរដ្ឋាភិបាល នឹងអាចរក្សាការពារសន្តិសុខ សុវត្តិភាពសង្គម ឱកាន់តែមានភាពរឹងមាំថែមទៀត។

នាយឧត្តមសេនីយ៍ សៅ សុខា បានបន្តដាស់តឿន ត្រូវខិតខំការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ឲ្យបានល្អប្រសើរ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ត្រូវធ្វើជាថ្នាក់ដឹកនាំគំរូ ត្រូវចេះគ្រប់គ្រង ត្រូវចេះបង្កើនប្រសិទ្ធភាពការងារ ចេះផ្គត់ផ្គង់សម្ភារៈ និងផ្តល់ការលើកទឹកចិត្តដោយស្មើភាពគ្នា គម្បីត្រូវយកចិត្តទុកដាក់ភារកិច្ចស្នូល៣ គឺ ១-ការងារគ្រប់គ្រង (ការហូបចុក ,ការស្លៀកពាក់ ,ការស្នាក់នៅ ,សុខភាព ,ការអប់រំ រៀនសូត្រ ,មធ្យោបាយធ្វើដំណើរ ,កំសាន្តសប្បាយ និងដោះស្រាយទុក្ខលំបាកការងារ) ថែទាំមធ្យោបាយ បរិក្ខារ និងគ្រឿងបំពាក់ ការងារគ្រប់គ្រងអចលនទ្រព្យ ដំណើរការ ការងារតាមបែបបទរដ្ឋបាល និងឋានានុក្រមកងទ័ព។ ២-ការងារកសាងអង្គភាព ទីកន្លែងធ្វើការងារ (អគារ,ការិយាល័យ និងកន្លែងធ្វើការងារ) ទីកន្លែងអប់រំ ហ្វឹកហ្វឺន រៀនសូត្រ ទីកន្លែងសម្រាប់ការស្នាក់នៅ ហូបចុករបស់កងទ័ពក្នុងអង្គភាព ។ និង ៣-ការងារដឹកនាំ គ្រប់គ្រង បញ្ជា អង្គភាពមានសណ្តាប់ធ្នាប់ កងទ័ពមានវិន័យល្អ ផ្ទៃក្នុងមានសាមគ្គីឯកភាព មានស្មារតីឆន្ទៈ មនសិការ ស្មោះត្រង់ អង់អាចក្លាហាន  ឧស្សាហ៍ព្យាយាម យល់ច្បាស់ តួនាទី ភារកិច្ច គោរពច្បាប់ វិន័យកងទ័ព ក្រមសីលធម៌វិជ្ជាជីវៈកងរាជអាវុធហត្ថ សហការសម្រេចភារកិច្ច។

នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់បន្ថែមថា ដើម្បីសម្រេចបាននូវតួនាទី ភារកិច្ចខាងលើ ត្រូវក្តាប់ជាប់នឹងអនុវត្តដោយម៉ឺងម៉ាត់ នូវទិសស្លោកទាំង ៤ឃ្លា រួមមាន ៖ ចំពោះប្រទេសជាតិ ត្រូវតែការពារ ចំពោះប្រជា ត្រូវតែបម្រើ ច្បាប់ ត្រូវតែគោរព បទល្មើស ត្រូវតែបង្ក្រាប ៕ដោយ៖ឡុង សំបូរ