ខេត្តព្រះវិហារ៖ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា និងលោកជំទាវ បានដឹកនាំក្រុមការងារសមាគម ចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនអតីតយុទ្ធជន ២៦គ្រួសារ ដោយបាននាំយកស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភដល់ បងប្អូនអតីតយុទ្ធជន ដែលពិធីនេះប្រព្រឹត្តទៅ នៅតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នាថ្ងៃទី២៨មេសា២០២៤ ស្ថិតនៅភូមិសំរោង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
អំណោយដែលគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រទាំង ២៦គ្រួសារ ទទួលបាននាពេលនោះ ដោយក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ,មី ,ទឹកត្រី ,ត្រីខកំប៉ុង និងថវិកាមួយចំនួន ផងដែរ។
ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ដព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានមានប្រសាសន៍ ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ដែលជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ជាពិសេស សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ,ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ,ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ,លោក កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគម និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលតែងគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូន គ្រួសារអតីតយុទ្ធជនកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋក្រីក្រជានិច្ច។
នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ មេបញ្ជាការ បានថ្លែងប្រាប់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋដែលមានវត្តមាននៅទីនោះ ពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបច្ចុប្បន្ន។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានអំពានាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមអនុវត្តតាមគោលនយោបាយនានារបស់ រាជរដ្ឋាភិបាល ពិសេសគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធិភាពខ្ពស់ ដើម្បីធ្វើឱ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើនថែមទៀត៕ដោយ៖ឡុង សំបូរ