ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ នៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារមានកិច្ចប្រជុំត្រួតពិនិត្យពង្រឹងការងារព្រហ្មទណ្ឌចំនួន៤ខេត្ត មានស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ។
ឯកឧត្តម ឧត្តមសេនីយ៍ ស៊ី គីរី ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារមានមតិស្វាគមន៍ និងអានរបាយការណ៍ស្តីពីការពង្រឹងការងារព្រហ្មទណ្ឌឆ្នាំ២០១៤របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារដែលបានអនុវត្តកន្លងមកដោយឯកឧត្តមបានបញ្ជាក់ថាៈ ដើម្បីជាទុនសំរាប់យើងគ្រប់រូបយកទៅអនុវត្តជាក់ស្តែងនៅតាមមូលដ្ឋាន បង្កើនការយល់ដឹងឲ្យកាន់តែប្រសើរ និងធ្វើការងារឲ្យកាន់តែមានប្រសិទ្ធិភាពស្របតាមផែនការយុទ្ធសាស្ត្រចតុកោណ
តំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលអាណត្តិទី៥ ពិសេសការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាពដែលជាភារៈកិច្ចចំបងរបស់មន្ត្រីនគរបាលជាតិយើងគ្រប់លំដាប់ថ្នាក់ធ្វើឲ្យប្រជាពលរដ្ឋមានជំនឿនឹងចូលរួមជាមួយកងកំលាំងនគរបាលជាតិយើង ។ ឯកឧត្តមបានបន្តថាៈ ដើម្បីឲ្យអង្គពិធីបានជ្រាបពីសភាពការណ៍បទល្មើសព្រហ្មទណ្ឌនៅក្នុង
ខេត្តព្រះវិហារ០៩ខែឆ្នាំ២០១៤ បទល្មើសជារួមមានកើតឡើងចំនួន៥៥លើកលើ៥៨លើកថយចុះចំនួន៣លើកស្មើនឹង៥%ក្នុងនោះបទឧក្រិដ្ឋមានចំនួន១៨លើក លើ២៤លើកថយចុះ៦លើកស្មើនឹង២៥% បទមជ្ឈឹម៣៧លើកលើ៣៤លើកកើនឡើង៣លើកស្មើ៩%ដែលបណ្តោយឲ្យស្លាប់មនុស្ស១១នាក់ របួស៣នាក់ បាត់ម៉ូតូ៣៤គ្រឿង និងរងគ្រោះនារី៧នាក់ ការងារបង្ក្រាបចំនួន២៨ករណីលើចំនួន៥៥ករណីស្មើ៥១%ឃាត់ខ្លួនមុខសញ្ញាសង្ស័យ៣១នាក់ ។
ឯកឧត្តមឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានមានមតិសំណេះសំណាល និងពាំនាំពាក្យផ្តាំផ្ញើសាកសួរសុខទុកពីសំណាកឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់នាយ នាយរង និងពលនគរបាលទាំងអស់ដែលកំពុង
បំពេញភារកិច្ចនៅតាមបណ្តាខេត្តនានា ។ ឯកឧត្តមក៍បានបន្តឲ្យដឹងទៀតថាៈ ដើម្បីពង្រឹង និងអនុវត្តការងារផ្នែកព្រហ្មទណ្ឌឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់សូមអស់លោកត្រូវខិតខំរៀនសូត្របន្ថែមនូវគន្លិះសំខាន់ៗនៅក្នុងច្បាប់ក្រមព្រហ្មទណ្ឌ ពិសេសជាងនេះទៀតត្រូវបណ្តុះបណ្តាលដល់នាយនគរបាលគ្រប់បណ្តាក្រុងស្រុក ដើម្បីលើកកំពស់ការអនុវត្តច្បាប់ ៕



































