អភិបាលខេត្តកំពង់ចាម​ ចុះដោះស្រាយបញ្ហាកង្វះទឹកប្រើប្រាស់​ និងណែនាំដល់សិស្សានុសិស្សឲ្យ ចេះថែទាំសុខភាពក្នុងរដូវក្តៅនេះ

0

កំពង់ចាម:​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២៤ នេះ បានដឹកនាំក្រុមការងារមន្ទីរអង្គភាពពាក់ព័ន្ធ ចុះពិនិត្យ និងដោះស្រាយបញ្ហាកង្វះទឹកប្រើប្រាស់ នៅសាលាចំនួន ២ ស្ថិតក្នុងឃុំសណ្ដែក និងឃុំត្រប់ ក្នុងស្រុកបាធាយ នឹងធ្វើការណែនាំដល់សិស្សានុសិស្ស ឲ្យចេះថែទាំសុខភាព ក្នុងស្ថានភាពអាកាសធាតុឡើងកម្ដៅខ្លាំងនេះ ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បានមានប្រសាសន៍ឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានពីអាជ្ញាធរមូលដ្ឋានអំពី ការខ្វះទឹកប្រើប្រាស់ នៃសាលាបឋមសិក្សាចំនួនពីរ ស្ថិតក្នុងឃុំត្រប់ នឹងឃុំសណ្ដែក ក្នុងស្រុកបាធាយ ក្រុមការងារ នៃរដ្ឋបាលខេត្តកំពង់ចាម ធ្វើការចុះពិនិត្យដោយផ្ទាល់ ដើម្បីដោះស្រាយបញ្ហានេះជូនដល់លោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្ស នៃសាលារៀនទាំងពីរនោះ បានទឹកប្រើប្រាស់ឡើងវិញ។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត បានធ្វើការជួសជុលអាងស្តុកទឹក របស់សាលា ដើម្បីឲ្យមានទឹកប្រើប្រាស់ដូចដើមវិញ និងពិនិត្យលទ្ធភាព ដើម្បីបុកអណ្ដូងស្នប់បន្ថែមទៀតផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ឲ្យដឹងទៀតថា ក្នុងស្ថានភាពអាកាសធាតុកើនកម្ដៅខ្លាំង ក្នុងនាមរដ្ឋបាលខេត្ត ក្រៅពីបានអប់រំណែនាំដល់សិស្សានុសិស្សដោយផ្ទាល់ ក៏បានធ្វើការណែនាំដល់លោកគ្រូ អ្នកគ្រូ សូមឱ្យបង្កើនការយកចិត្តទុកដាក់ ថែទាំដល់សុខភាពសិស្សផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ផងដែរថា ក្នុងការចុះពិនិត្យ និងដោះស្រាយកង្វះទឹកប្រើប្រាស់នេះ រដ្ឋបាលខេត្តបានជំរុញដល់សេវាករ ផ្គត់ផ្គង់ទឹកស្អាតនៅក្នុងឃុំសណ្ដែក បុកអណ្ដូងស្នប់មួយទៀត ដែលមានកម្លាំងទឹកចេញខ្លាំង ដើម្បីឲ្បប្រជាពលរដ្ឋ ប្រមាណជា ជាង ៤,០០០ គ្រួសារ មានទឹកប្រើប្រាស់គ្រប់គ្រាន់ ពីដើមទី ដល់ចុងទី ។

សូមបញ្ជាក់ផងដែរថា នៅក្នុងការចុះពិនិត្យ និងដោះស្រាយបញ្ហាកង្វះទឹកប្រើប្រាស់នេះ អាជ្ញាធរខេត្តកំពង់ចាម បានធ្វើការចែកទឹកស្អាត ដល់សិស្សានុសិស្ស នៃសាលារៀនទាំងពីរ និងបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ដឹកទឹកបាញ់ស្រោចដំបូលសាលារៀន និងបញ្ចូលទៅអាងស្តុក សម្រាប់ឲ្យសាលារៀន បានប្រើប្រាស់ផងដែរ ៕