អភិបាលស្រុកស្ទោង បានបញ្ជាក់ថាការផ្ដល់បណ្ណសមធម៌ជាការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល 

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់បណ្ណសមធម៌ ជូនប្រជាពររដ្ឋដែលមានជីវភាពខ្វះខាត និងងាយរងហានិភ័យ នៅឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។

ពិធីចំណេះសំណាលសួរសុខទុក្ខ និងជម្រាបជូនប្រជាពលរដ្ឋក្នុងកម្មវិធីនេះលោក សាយ គឹមឡម បានបញ្ជាក់បន្ថែមថា ការផ្ដល់បណ្ណសមធម៌ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងងាយរងហានិភ័យ នៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូលគឺជា ការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរដ្ឋាភិបាលកម្ពុជាគឺ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលមានអត្ថប្រយោជន៍ច្រើនយ៉ាង និងបានចូល រួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់ជីវភាពគ្រួសារដែលមានជីវភាពខ្វះខាតបានមួយកម្រិតផងដែរ។

ទន្ទឹមនឹងនេះលោកអភិបាលស្រុកស្ទោង ក៏បានណែនាំដល់រដ្ឋបាលឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ចិនជើង ត្រូវធ្វើផែនការ និងផ្ដល់សេវាជូនដល់ប្រជាពលរដ្ឋឲ្យបានដល់ជណ្តើរផ្ទះ តាមស្ថានភាពជាក់ស្ដែង ទាន់ពេលវេលាដើម្បីផ្តល់ភាពងាយស្រួលជូនពួកគាត់។

ជាចុងបញ្ចប់លោក សាយ គឹមឡម អភិបាលស្រុកស្ទោង  បានណែនាំដល់ប្រជាពលរដ្ឋគ្រប់រូប និងម្ចាស់បណ្ណសមធម៌ សូមកុំយកឯកសារអត្រានុកូលដ្ឋានឬបណ្ណសមធម៌ ទៅដាក់បញ្ចាំឬប្រើប្រាស់ខុសគោលការណ៍ ដែលនាំឲ្យបាត់បង់ផលប្រយោជន៍ផ្ទាល់ខ្លួន និងប្រឈមផ្លូវច្បាប់ផងដែរ។

គួរបញ្ជាក់ផងដែរថា បណ្ណសមធម៌ដែលចែកជូននៅពេលនេះមានចំនួន៤១៨បណ្ណ ក្នុងនោះបណ្ណក្រីក្រ១ចំនួន៦៤ បណ្ណ បណ្ណក្រីក្រ២ចំនួន២៥៤បណ្ណ និងបណ្ណហានិភ័យចំនួន៩៨បណ្ណ។ អត្ថបទលោក ឆុន ឆេងក្រឹម