ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង បានក្រើនរំលឹកដល់ម្ចាស់ក្រុមហ៊ុន និងសហគ្រាស បង្កើនការលើកកម្ពស់សុខភាព និងជីវភាពរស់នៅរបស់កម្មករ ឱ្យបានកាន់តែល្អប្រសើរថែមទៀត !

0

ខេត្តស្ទឹងត្រែង៖ ប្រសាសន៍ក្រើនរំលឹករបស់ អភិបាលស្តីទីខេត្តស្ទឹងត្រែង លោក ថោង ស្រាន់ ក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ថ្ងៃទី១៥ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ (សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ) ដោយមានការចូលរួមពី ថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ តំណាងក្រុមហ៊ុន សហគ្រាស បុគ្គលិក និងកម្មករយោជិតជាង ៥០០នាក់ ក្រោមការរៀបចំរបស់ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង។

ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង លោក បួរ វិរុន បានថ្លែងថា ខេត្តស្ទឹងត្រែង មានសហគ្រាស និងគ្រឹះស្ថានសរុបចំនួន ១៤៨ សហគ្រាស ដែលមានកម្មករ និយោជិត សរុបចំនួន ៣ពាន់ ៩៧៧នាក់ ក្នុងនោះស្រី ១ពាន់ ៣៦៦នាក់ ជនបរទេស ១៦៨នាក់ ក្នុងនោះស្រី ២២នាក់ ដែលកំពុងបំពេញការងារស្របច្បាប់ត្រឹមត្រូវ និងមានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដែលទាំងអស់នោះ គឺជាការចូលរួមចំណែក ក្នុងការអនុវត្ត នូវយុទ្ធសាស្ត្ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យទទួលបាននូវប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។

លោក បួរ វិរុន បានបន្តថា នៅរយៈពេលកន្លងមក ក្រុមហ៊ុន និងសហគ្រាស តែងតែអនុវត្តតាមលក្ខខណ្ឌច្បាប់ការងារបានយ៉ាងល្អ ព្រោះមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត តែងបានធ្វើការផ្សព្វផ្សាយ និងបំពេញលក្ខខណ្ឌការងារ ជាមួយក្រុមហ៊ុន សហគ្រាសរួចហើយមកដែរ។ លោកថា កាតព្វកិច្ចនេះ គឺបានអនុវត្តតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាល សម្រាប់អនាគតកម្មករ-និយោជិត ធ្វើយ៉ាងណាឲ្យមានជីវភាពល្អប្រសើរ  ព្រោះនៅតាមក្រុមហ៊ុននីមួយៗ មានបញ្ជី (ប.ប.ស) បេឡាជាតិសន្តិសុខសង្គមផងដែរ។

អភិបាលស្តីទីខេត្តស្ទឹងត្រែង លោក ថោង ស្រាន់ បានថ្លែង ក្រើនរំលឹកដល់ម្ចាស់ក្រុមហ៊ុន និងសហគ្រាសទាំងអស់នៅខេត្តស្ទឹងត្រែង  ឱ្យបង្កើនការលើកស្ទួយជីវភាពជូនកម្មករ-និយោជិត ដែលកំពុងធ្វើការឱ្យបានល្អប្រសើរ ព្រោះត្បិត រាជរដ្ឋាភិបាល បានតម្រូវឱ្យកម្មករដែលកំពុងបំពេញការងារ នៅតាមក្រុមហ៊ុន-សហគ្រាសនានា បានចូលនិវត្តន៍ដូចមន្ត្រីរាជការ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ ឱ្យបានកាន់តែប្រសើរថែមទៀត។

លោក ថោង ស្រាន់ បានបញ្ជាក់ថា ជាគោលនយោបាយរបស់ រាជរដ្ឋាភិបាល បានតម្រូវឱ្យម្ចាស់ក្រុមហ៊ុន-សហគ្រាស បំពេញតាមលក្ខខណ្ឌច្បាប់ការងារឱ្យបានត្រឹមត្រូវ រីឯកម្មករ-និយោជិត ក៏ត្រូវតែប្រឹងប្រែងធ្វើការងាររបស់ខ្លួន ជូនក្រុមហ៊ុនឱ្យបានល្អវិញដែរ។ លោកបញ្ជាក់ថា នេះជាការគិតគូដល់ជីវភាពរស់នៅរបស់កម្មករ ព្រោះរាជរដ្ឋាភិបាល ក៏ដូចក្រសួងការងារ បានជំរុញដាស់ស្មារតីឲ្យម្ចាស់ក្រុមហ៊ុន និងសហគ្រាស អនុវត្តតាមការណែនាំរបស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ដោយត្រូវផ្តល់ប្រាក់កម្រៃពលកម្ម ជូនកម្មករឱ្យបានទៀងទាត់ពេលវេលា។

តំណាងកម្មករមកពីក្រុមហ៊ុន-សហគ្រាសក្នុងខេត្តស្ទឹងត្រែង បានសម្តែង ការសាទរជាមួយនឹងការយកចិត្តទុកដាក់ ពីសំណាក់អាជ្ញាធរពាក់ពន្ធ័ក្នុងខេត្ត ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ដែលបានគិតគូពីសុខទុក្ខកម្មករ ដូចជា ស្រ្តីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភ ពេលឈឺថ្កាត់ ពេលសម្រាលមាតុភាព មានសេវាគាំពារពីមន្ទីរពេទ្យបង្អែក និងបានចូលនិវត្តន៍ ដូចមន្ត្រីរាជការផងដែរ។

នៅក្នុងឱកាសនោះ លោក ថោង ស្រាន់ អភិបាលស្តីទីខេត្ត ,លោក ផាន់ ម៉េងឈឿន សមាជិកក្រុមប្រឹក្សាខេត្ត ,លោក បួរ វិរុន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង ក៏បានអញ្ជើញចែកជូន កម្មករជាង ៥០០នាក់ ក្នុងម្នាក់ៗ ទទួលបានអាវ១-សារុង១និងថវិកា២ម៉ឺនរៀល ថែមទៀតផង៕ដោយ៖ឡុង សំបូរ