ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ ដឹកនាំបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ នៅខេត្តព្រះវិហារ !

0

ខេត្តព្រះវិហារ៖សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ លោក ម៉ៅ សុផាន់ បានអញ្ជើញដឹកនាំក្រុមការងារ និងសមាជិកគណបក្សប្រជាជនកម្ពុជា យ៉ាងច្រើនកុះករ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៤ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

នៅក្នុងពិធី ប្រកាសបើកយុទ្ធនាការឃោសនាបោះឆ្នោត នៅថ្ងៃទី១៧ឧសភានេះ ក៏មានការអញ្ជើញចូលរួមពីលោក ប្រាក់ សុវណ្ណ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ,លោក គីម រិទ្ធី អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំង លោក លោកស្រី ជាថ្នាក់ដឹកនាំគណបក្សខេត្តក្រុង ស្រុក ក្រុមការងារគណបក្សថ្នាក់កណ្តាល ថ្នាក់ខេត្ត ក្រុង ស្រុក និងសមាជិក សមាជិកា ជាច្រើនរូបទៀត ផងដែរ។

ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ លោក ម៉ៅ សុផាន់ បានមានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ប្រទេសកម្ពុជា ក្នុងដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស បន្ទាប់ពីយើងទើបបានទទួលជោគជ័យយ៉ាងធំធេង ក្នុងការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥ កាលពីថ្ងៃ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា ក្នុងបរិយាកាសនយោបាយ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។

លោក ម៉ៅ សុផាន់ មានប្រសាសន៍ទៀតថា ថ្ងៃទី១៧ឧសភា២០២៤នេះ គឺជាថ្ងៃទី១ នៃយុទ្ធនាការឃោសនាបោះឆ្នោត ដែលមានការជួបជុំ បេក្ខជនក្រុមប្រឹក្សាខេត្តទាំងពេញសិទ្ធិ និងបម្រុង រួមជាមួយគណៈកម្មាធិការគណបក្ស និងសមាជិកគណបក្សមកពីក្រុងព្រះវិហារ និងតាមបណ្តាស្រុក មន្ទីរ អង្គភាពនានា ជុំវិញខេត្តជាច្រើនរូបទៀត។

លោក ម៉ៅ សុផាន់ បានមានប្រសាសន៍ ផ្តាំផ្ញើដល់អង្គបោះឆ្នោតទាំងអស់ សូមថែរក្សាសុខភាពឱ្យបានល្អ ត្រូវពិនិត្យឯកសារបោះឆ្នោត អត្តសញ្ញាណបណ្ណ និងតាមដានប្រតិទិនបោះឆ្នោតជាប់ជាប្រចាំ និងគោរពខ្ជាប់ខ្ជួនតាមបទបញ្ជា បំរាម និងបទបញ្ញត្តិនានា ក្នុងស្មារតីធ្វើយ៉ាងណាបានចូលរួមបោះឆ្នោត នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីរក្សាឲ្យបានសម្លេង ១០០ភាគរយ ដូចលទ្ធផល បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥កន្លងទៅថ្មីៗនេះ៕ដោយ៖ឡុង សំបូរ