ខេត្តព្រះវិហារ៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី លោកសាយ សំអាល់ បានជំរុញអាជ្ញាធរ និងមន្ត្រីជំនាញដែនដីខេត្ត ឱ្យពន្លឿនលើការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋឱ្យបានឆាប់ ដែលស្របទៅតាមគោលនយោបាយបញ្ចកោណរបស់ រាជរដ្ឋាភិបាល នីតិកាលទី៧នេះ ដឹកនាំដោយ សម្តេចបហាបវរធិបតី ហ៊ុន ម៉ាណែត ។
ការជំរុញរបស់ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានធ្វើឡើងក្នុងកិច្ចប្រជុំ ពិភាក្សា ជម្រុញការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ នាថ្ងៃទី១៩ឧសភា២០២៤ ដែលមានការចូលរួមពី លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ,គណៈប្រតិភូអមដំណើរក្រសួងដែនដី ,ក្រុមប្រឹក្សាខេត្ត ,គណៈអភិបាលខេត្ត ,កងកម្លាំងទាំង៣ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ,ថ្នាក់ដឹកនាំក្រុង-ស្រុកទាំង៨ និងមន្ត្រីជំនាញពាក់ព័ន្ធ ជាច្រើនរូបទៀត ផងដែរ។ កិច្ចប្រជុំបានធ្វើនៅសាលាខេត្តព្រះវិហារ ។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានឡើងបង្ហាញរបាយការណ៍ អំពីទំហំផ្ទៃដីក្នុងខេត្តថា ផ្ទៃដីសរុបមាន ១លាន ៣សែន ៤ម៉ឺន ១ពាន់ ៩៦៣ គីឡូម៉ែត្រការ៉េ ដែលមានប្រជាពលរដ្ឋសរុប ២៧ម៉ឺន ៧ពាន់ ៤៦៥នាក់ ស្មើនឹង ៦៦ពាន់ ៦៨៣ គ្រួសារ មានដង់ស៊ីតេប្រជាជន ២០នាក់ ក្នុង១គីឡូម៉ែតការ៉េ ចែកចេញជា១ក្រុង និង៧ស្រុក ស្មើនឹង ៥១ឃុំ-សង្កាត់ និងមាន២៣២ភូមិ។
លោក គីម រិទ្ធី បានបន្តថា ចំពោះវឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ខេត្តចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋបាន ៩៩ភូមិ លើ២៣២ភូមិ ស្មើនឹង ៤២ភាគរយ នៃចំនួនភូមិទូទាំងខេត្ត និងបានចេញប័ណ្ណកម្មសិទ្ធិ ៧ម៉ឺន ៦៦១ប័ណ្ណ ស្មើនឹង ៣៧ភាគរយ លើការប៉ាន់ស្មានចំនួនក្បាលដីទូទាំងខេត្ត សរុប១៨ម៉ឺន ៦ពាន់ ៩៩០ ក្បាលដី ដោយក្នុងនោះ ចែកចេញជា ៣ ដំណាក់កាល គឺ ១-តាមរយៈការអនុវត្តបទបញ្ជាលេខ០១ ពីឆ្នាំ២០១២ ដល់ ឆ្នាំ២០១៣ ,២-តាម រយៈការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចាប់ពីឆ្នាំ២០១៤ ដល់ ២០២៣ និង ៣-តាមរយៈការអនុវត្តផែនការរបស់ថ្នាក់ជាតិ (ចុះបញ្ជីដីធ្លី ៥លានក្បាលដី នៅទូទាំងប្រទេស ឆ្នាំ២០២៤-២០២៥)។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានក្រើនរំលឹកអាជ្ញាធរមូលដ្ឋាន មន្ទីរ ក៏ដូចមន្ត្រីជំនាញ ត្រូវយកចិត្តទុកដាក់តាមដានស្តាប់អនុសាសន៍ផ្តាំផ្ញើ និងគោលការណ៍ដឹកនាំរបស់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ដើម្បីជាមូលដ្ឋានយកទៅអនុវត្តការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ឱ្យសម្រេចបានជោគជ័យ។
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី លោកសាយ សំអាល់ មានប្រសាសន៍ថា គោលនយោបាយយុទ្ធសាស្ត្រ បញ្ចកោណរបស់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ការងារចុះបញ្ជីដីធី្លជាបញ្ហាសំខាន់ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ដូច្នេះ ខ្ញុំសូមស្នើដល់ក្រុមការងារចុះបញ្ជីដីធ្លី ត្រូវខិតខំបំពេញភារកិច្ចនេះឲ្យបានល្អ ត្រឹមត្រូវ និងឆាប់រហ័ស ជូនប្រជាពលរដ្ឋ ស្របទៅតាមគោលការណ៍របស់ រាជរដ្ឋាភិបាល។
លោករដ្ឋមន្ត្រី សាយ សំអាល់ បានជំរុញអាជ្ញាធរមូលដ្ឋាន ឱ្យពង្រឹងសាមគ្គីឯកភាពផ្ទៃក្នុងគ្នាឱ្យបានកាន់តែរឹងមាំថែមទៀត និងរក្សាពូនជ្រុំមរតកដ៏មានតម្លៃនានា ដែលថ្នាក់ដឹកនាំជំនាន់មុនបន្សល់ទុកឱ្យ ដើម្បីចូលរួមគាំទ្រសម្រេចឲ្យបាន នូវបេសកកម្មដ៏ឧត្តុង្គឧត្តម របស់រាជរដ្ឋាភិបាល ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដែលបានដាក់ចេញ និងស្នើអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយ ណែនាំ ដល់ប្រជាពលរដ្ឋត្រៀមលក្ខណៈ ចំពោះឯកសារពាក់ព័ន្ធក្នុងការចុះបញ្ជីដីធ្លី ជៀសវាងក្នុងកិច្ចដំណើរការទៅ មានភាពយឺតយ៉ាវ ជាដើម។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីជំរុញការចុះបញ្ជីដីតាមគោលនយោបាយ «ចុះបញ្ជីដីធ្លីបញ្ចប់ សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទ» រដ្ឋបាលខេត្ត ដោយមានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ជាសេនាធិការ ដោយខិតខំដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ និងសាមគ្គី ឯកភាពផ្ទៃក្នុង ទើបធ្វើឱ្យស្ថាប័នមានការរីកចម្រើន ព្រមទាំងផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ ថែមទៀត៕ដោយ៖ឡុង សំបូរ