តាកែវ៖ ថ្លែងនៅក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្រនិងសល្យសាស្ត្រលើកទី ១៣ ឆ្នាំ២០២៤ នៅក្នុងសាលប្រជុំនៃមន្ទីរសុខាភិបាលខេត្តតាកែវ នាព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៤នេះ លោក ញា ស៊ីថាន ប្រធានមន្ទីរសុខាភិបាលខេត្ដតាកែវស្ដីទី បានជម្រុញដល់គណៈគ្រូពេទ្យចុះពិនិត្យ អោយលម្អិតនៅតាមគ្លីនិកសម្រាកព្យាបាល ដែលមានក្នុងខេត្តតាកែវ ចំនួន ៤១កន្លែង ទៅលើការផ្ដល់អាជ្ញាប័ណ្ណស្របច្បាប់ និងពិនិត្យអោយបានម៉ត់ចុតចំពោះគ្រូពេទ្យដែលមានជំនាញច្បាស់លាស់ពិតប្រាកដនៅតាមគ្លីនិក ក្នុងការផ្ដល់សេវាព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងគុណភាព ដោយមិនត្រូវអនុញ្ញាតអោយអ្នកដែលមិនមានជំនាញជាគ្រូពេទ្យច្បាស់លាស់ ដូចជាប្រពន្ធគ្រូពេទ្យ ឬកូនៗ ដែលគ្រាន់ចេះតពីប្ដី ឬឪពុកជាគ្រូពេទ្យ នៅពិនិត្យព្យាបាលអ្នកជំងឺជំនួសនោះទេ ព្រោះនេះជាទង្វើខុសច្បាប់ ហើយវាងាយនិងបង្ករគ្រោះថ្នាក់ដល់អ្នកជំងឺ ។ លោកប្រធានមន្ទីរសុខាភិបាលខេត្តតាកែវស្ដីទី បានបន្តរថា បើសិនជាក្រុមគណៈគ្រូពេទ្យចុះពិនិត្យឃើញថាមានករណីបែបនេះ គ្លីនិកសម្រាកព្យាបាលនោះនឹងត្រូវបានដកអាជ្ញាប័ណ្ណចេញ និងមិនបន្តរអោយមានការពិនិត្យនិងព្យាបាលអ្នកជំងឺបន្តរទៀតនោះទេ ដូច្នេះដាច់ខាតគ្រូពេទ្យជំនាញ ដែលជាឌុកទ័រ ត្រូវតែឈរអោយជាប់នៅក្នុងគ្លីនិករបស់ខ្លួនជានិច្ចក្នុងការពិនិត្យ និងពិគ្រោះព្យាបាលដល់អ្នកជំងឺអោយបានត្រឹមត្រូវ ។ ជុំវិញករណីគ្រូពេទ្យដែលមិនមានជំនាញច្បាស់លាស់ មិនមានអាជ្ញាប័ណ្ណត្រឹមត្រូវនេះដែរ កន្លងមកនៅក្នុងខេត្តតាកែវកាលពីឆ្នាំ២០២៣ មានគ្រូពេទ្យដែលមិនមានវិជ្ជាជីវៈច្បាស់លាស់ និងមិនមានអាជ្ញាប័ណ្ណ នៅតាមស្រុក បង្ករគ្រោះថ្នាក់ដល់អាយុជីវិត្តរបស់អ្នកជម្ងឺ រហូតឈានដល់សាច់ញិតអ្នកជម្ងឺប្ដឹងសមត្ថកិច្ចអោយចាប់ខ្លួនគ្រូពេទ្យយកមកផ្ដន្ទាទោសទៅតាមច្បាប់ ដោយសារការព្យាបាលមិនមានជំនាញ និងខុសលក្ខណៈបច្ចេកទេស ។ ជាមួយគ្នានេះផងដែរលោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានគណៈគ្រូពេទ្យខេត្ដតាកែវ បានធ្វើការណែនាំដល់សមាជិក របស់គណៈគ្រូពេទ្យខេត្ដទាំង ៤២១នាក់ ត្រូវបន្តរយកចំនេះជំនាញពិតប្រាកដរបស់ខ្លួនមកបម្រើសេវាថែទាំនិងព្យាបាលជូនប្រជាពលរដ្ឋ ក្នុងតម្លៃសមរម្យ ដោយគុណភាពប្រសិទ្ធិភាព ព្រោះយើងធ្វើការជាមួយជីវិតមនុស្ស សូមគោរពនូវក្រមសីលធម៍ សុជីវធម៍ និងគុណធម៍ អោយជាប់ជានិច្ច ។
សូមបញ្ជាក់ផងដែរថា ការរៀបចំទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្រនិងសល្យសាស្ត្រ នេះវាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ក្រុមគ្រូពេទ្យទាំងអស់គ្នាដែលជាសមាជិក ក្នុងការពង្រឹងអភិវឌ្ឍន៍ វឌ្ឍនភាពថ្មីៗ នៃវិស័យសុខាភិបាល ក្នុងខេត្តតាកែវ តាមរយៈបទបង្ហាញអំពីប្រធានបទនីមួយៗថ្មី របស់លោកសស្ត្រាចារ្យមកពីមន្ទីរពេទ្យថ្នាក់ជាតិ ថ្នាក់ខេត្ដ និងថ្នាក់ស្រុកលើការកំណត់រោគសញ្ញាគ្លីនិក និងការធ្វើរោគវិនិច្ឆ័យ ដើម្បីព្យាបាលអោយបានទាន់ពេលវេលាហើយមានប្រសិទ្ធិភាព ។ តាកែវ ៣១ ០៥ ២០២៤