0

អភិបាលខេត្តកំពង់ចាម​ ថ្លែងប្រាប់​ក្មួយៗយុវជន និងកុមារទាំងអស់​ ឱ្យ​ពង្រឹងស្មារតីឆន្ទៈ ខិតខំរៀនសូត្រក្រេបយកចំណេះដឹង ដេីម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ

កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានថ្លែងប្រាប់ដល់ក្មួយៗយុវជន និងកុមារទាំងអស់​ ឱ្យ​ពង្រឹងស្មារតីឆន្ទៈ ខិតខំរៀនសូត្រក្រេបយកចំណេះដឹង ហាត់ពត់​ លត់ដំខ្លួនទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន រួមចំណែកក្នុងការអភិវឌ្ឍន៍ សង្គមជាតិឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត​ ។ ថ្លែងបែបនេះ​ក្នុងពិធីរំឭកខួបអនុស្សាវរីយ៍លើកទី៧៥ ទិវាកុមារអន្តរជាតិ​ ១មិថុនា ឆ្នាំ២០២៤ ដែលបានប្រារព្ធឡើងនៅសាលាខេត្តកំពង់ចាម​ ។

ស្ថិតក្នុងឱកាសនោះ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងប្រាប់​ដល់​យុវសិស្សទាំងអស់​ គប្បីត្រងត្រាប់ស្តាប់ដំបូន្មាន និងជួយសម្រាល ការងារឪពុកម្តាយ ទៅតាមលទ្ធភាព និងរួមចំណែកក្នុងការបង្កើនសេដ្ឋកិច្ចគ្រួសារ​ ព្រមទាំងជួយការងារបងប្អូន​ ដោយមិនបង្កបញ្ហា ឬការលំបាកដល់គ្រួសារ ហើយត្រូវធ្វើជាគំរូល្អ និងមានសីលធម៌រស់នៅល្អ។ ព្រោះសង្គមគ្រួសារ ឬសង្គមជាតិណា​ ក៏ត្រូវការ កុមារ និងយុវជនល្អ ដើម្បីជួយទ្រទ្រង់ប្រទេស ដូចសុភាសិតមួយឃ្លាបានពោលថា «កុមារ​ ជាទំពាំងស្នងឫស្សី កុលបុត្រប្រុសស្រីស្នងត្រកូល»។

​ក្នុងឱកាសនោះដែរ​ ឯកឧត្ដមអភិបាលខេត្ត​ បានក្រេីនរំលឹកដល់​លោកគ្រូ​ អ្នកគ្រូ​ទាំងអស់​ ត្រូវយកចិត្តទុកដាក់ក្នុងការអប់រំកុមារ​ និងយុវជនក្នុងសាលា រៀនដោយមិនប្រើទណ្ឌកម្មលើកុមារ ធ្វើយ៉ាងណាឱ្យពួកគេទទួលស្គាល់ថា សាលារៀនជាទី កន្លែងផ្តល់ជូនចំណេះដឹងជំនាញ សីលធម៌ និងការសិក្សាដោយគ្មានការភ័យខ្លាច។ ចំពោះកុមារ និងយុវជនគប្បីព្យាយាមរៀនសូត្រស្ដាប់លោកគ្រូ អ្នកគ្រូពន្យល់ និងគោរពវិន័យសាលា គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន​ ពិសេសត្រូវចៀសវាងឱ្យផុតអំពីគ្រឿងញៀន ដែលជាបញ្ហាគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុត ធ្វើឱ្យបាត់បង់ស្មារតី បាត់បង់អនាគតខ្លួនឯង ហើយមានការលំបាកដល់គ្រួសារ និងសង្គមជាតិទៀត​ផង​ ។

ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៏បាន​ជំរុញ​ឱ្យ​មាន​ការ​ខិតខំ​រៀនសូត្រធ្វើជាគំរូល្អតាមខ្លឹមសារ ប្រឡងប្រណាំងរបស់ក្រុមប្រឹក្សាកុមារ និងយុវជនកម្ពុជា តាមសាលានីមួយៗ ដើម្បីរួមចំណែកជួយថែរក្សាសម្បត្តិទ្រព្យក្នុងសាលារៀន និងជួយថែរក្សាអនាម័យ បរិស្ថានល្អ មានសាមគ្គីភាព ចេះយោគយល់ ចេះជួយធុរៈគ្នាទៅវិញទៅមក​ ពោលគឺ​ត្រូវចូលរួមជួយថែរក្សាសម្បត្តិសាធារណៈ​ គោរពច្បាប់រដ្ឋ ថែរក្សាប្រពៃណីទំនៀមទម្លាប់ វប្បធម៌ជាតិ​ ថែរក្សាបរិស្ថាន និងធ្វើខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ​ផងដែរ​ ៕