បច្ចុប្បន្នដំឡូងជ្វាជប៉ុនមានតម្លៃខ្ពស់ ដែលជំរុញអោយកសិករនៅខេត្តកែប នាំគ្នាសម្រុកដាំដុះគ្មានទំនេរ

0

ខេត្តកែប: ដោយសារតែដំឡូងជ្វាប្រភេទពូជជប៉ុន មានតម្លៃហាងឆេងខ្ពស់គ្រាន់បើនោះ គេបានសង្កេតឃើញកសិករនៅតាមតំបន់ ភូមិសាស្ត្រខេត្តកែប នាំគ្នាសម្រុកដាំដុះគ្មានទំនេរដៃ។បានជួបជាមួយប្អូនស្រីម្នាក់ជាប្រជាកសិករដាំដំឡូងជ្វា នៅភូមិកែវក្រសាំង សង្កាត់កែប គ្រឿងកែវ ខេត្តកែប បានប្រាប់អោយដឹងថា

អំឡុងពេលបច្ចុប្បន្ននេះ ដំឡូងជ្វាមានតម្លៃ ហាងឆេងខ្ពស់ជាងមុន ទើបក្រុមគ្រួសាររបស់គាត់ និងបងប្អូនកសិករក្នុងភូមិកែវក្រសាំង សម្រេចចិត្តនាំគ្នាដាំដំឡូងជ្វាម្តងទៀត បន្ទាប់ពីបោះបង់ការដាំដុះប្រមាណជិតមួយឆ្នាំ។ការដាំដំឡូងជ្វាលើកនេះ កសិករភាគច្រើនដាំតែដំឡូងជ្វាពូជជប៉ុន ដែលជាដំឡូងមានរសជាតិផ្អែមឆ្ងាញ់ និងមានតម្លៃហាងឆេងខ្ពស់។

ប្អូនស្រីបានបញ្ជាក់ដែរថា ការដាំដំឡូងជ្វាមានភាពងាយស្រួលណាស់ ដោយគ្រាន់តែកាត់យកទងពូជដែលធ្លោសល្អ យកទៅរៀបជាជួរ ហើយរលាស់ទឹករួចយកកន្ទេលឬតង់គ្របទុក2យប់ ទើបយកទៅដាំកប់ក្នុងដីដែលធ្វើជារងដែលមានទទឹង1ម៉ែត្រ កម្ពស់3តឹក និងដាក់ជីចំស្នួរកណ្តាលរងរួចជាស្រេច។ លុះដំឡូងលូតលាស់បានរយ:ពេលមួយខែ យើងត្រូវពូនជើងដាក់ជីធំម្តងទៀត ដោយការដាក់ជីយើងភាគច្រើនប្រើជីអាចម៍គោ លាយបន្ថែមដោយជីគ្រាប់ខ្លះៗប៉ុណ្ណោះ។

ប្អូនស្រីបានបញ្ជាក់ទៀតថា ការដាំដំឡូងជ្វា ជប៉ុន ត្រូវប្រើរយ:ពេលចាប់ពី90ថ្ងៃទៅ150ថ្ងៃ ទើបអាចទទួលផលបាន ដោយបច្ចុប្បន្ន ដំឡូងជ្វាជប៉ុន ត្រូវឈ្មួញមកទិញដល់ចំការតែម្តង ដោយលក់ក្នុងតម្លៃបោះដុំក្នុង1គីឡូក្រាម 5000រៀល និងលក់រាយក្នុង1គីឡូក្រាម8000រៀល។ប្អូនស្រីនិយាយថា ដំឡូងជ្វាជប៉ុនមានរសជាតិផ្អែមឆ្ងាញ់ ដោយក្រុមគ្រួសាររបស់គាត់ចូលចិត្តដាំ ចូលចិត្តហូប ព្រោះវាជាប្រភេទអាហារសម្រន់មួយ ជួយសម្រួលប្រព័ន្ធរំលាយអាហារបានល្អ ពិសេសជួយសម្រួលដល់ការឈឺសន្លាក់ និងធ្វើអោយរាងកាយកាន់រឹងមាំផងដែរ៕ សេង ណារិទ្ធ