ផ្លូវក្រាលកៅស៊ូ២ជាន់ប្រវែងសរុប៤.៥០០ម៉ែត្រ នៅស្រុកបារាយណ៍ ស្ថាបនាឱ្យរួចនៅចុងឆ្នាំ២០២៤ ខាងមុខនេះ

0

(កំពង់ធំ)÷ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ  បាចុះពិនិត្យផ្លូវក្រាលកៅស៊ូ២ជាន់(DBST) ចំនួន០១ខ្សែ ប្រវែងសរុប៤.៥០០ ម៉ែត្រ ទទឹង៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួស ទទឹងម្ខាងៗ០,៥ម៉ែត្រ និងសាងសង់លូមូលមុខបីចំនួន ០១កន្លែង លូមូលមុខពីរចំនួន០៥កន្លែង និងផ្លាកឈ្មោះគម្រោងចំនួន០២កន្លែង នៅស្រុកបារាយណ៍។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្ត លោក តាន់ វាសនា ប្រធានមន្ទីរស្តីទីអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ លោក គួង គា ប្រធានការិយាល័យផ្លូវជនបទ អាជ្ញាធរស្រុកបារាយណ៍ ក្រុមប្រឹក្សាឃុំគគីរធំ និងក្រុមការងារជាច្រើននាក់ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។

លោក តាន់ វាសនា ប្រធានមន្ទីរស្តីទីអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានបង្ហាញពីផ្លូវក្រាលកៅស៊ូ២ជាន់(DBST) ចំនួន០១ខ្សែ ប្រវែងសរុប៤.៥០០ម៉ែត្រ ទទឹង៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួស ទទឹងម្ខាងៗ០,៥ម៉ែត្រ និងសាងសង់លូមូលមុខបីចំនួន ០១កន្លែង លូមូលមុខពីរចំនួន ០៥កន្លែង និងផ្លាកឈ្មោះគម្រោងចំនួន ០២កន្លែង ចាប់ពីភូមិវាលធំ ទៅភូមិវាលស្ព័រ ឃុំគគីរធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ (គម្រោងលេខ DRR-NC-2023-No.036) អនុវត្តដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ដឹកជញ្ជូន និងសំណង់ ប្រើប្រាស់ថវិកាជំពូក២១។

ឯកឧត្តម ឆាយ ឫទ្ធិសែន  និងក្រុមការងារបន្តចុះពិនិត្យផ្លូវដែលនៅសល់មិនទាន់ស្ថាបនា ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ចាប់ពីចុងផ្លូវដែលបានស្ថាបនារួចស្ថិតក្នុងភូមិវាលធំ ឃុំគគីរធំ ស្រុកបារាយណ៍ រហូតដល់ព្រំប្រទល់ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម មានប្រវែងសរុប៥.៥០គីឡូម៉ែត្រ ។

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជាលទ្ធផលបានផ្តល់អនុសាសន៍ណែនាំ ឱ្យបញ្ចូលក្នុងផែនការឆ្នាំ២០២៤ ហើយរៀបចំតាមនិតិវិធីលទ្ធកម្ម ឱ្យបានឆាប់រហ័យ ដើម្បីធ្វើការស្ថាបនា ទៅជាផ្លូវក្រាលកៅស៊ូ២ជាន់នាចុងឆ្នាំ២០២៤នេះ ដើម្បីសម្រួលក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលនានា របស់ប្រជាពលរដ្ឋក្នុងតំបន់ទាំងនេះឱ្យមានការរីកចម្រើនកាន់តែខ្លាំងទ្បើង។ អត្ថបទមន្ទីអភិវឌ្ឍន៍ជនបទ