ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សំណេះសំណាលសាកសួរសុខទុក្ខ អតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី ដែលមានជីវភាពលំបាកខ្វះខាត នៅក្រុងស្ទឹងសែន 

0

(កំពង់ធំ)÷ នៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោកវរសេនីយ៍ទោ សៀង   ហុកឃាន់ មេបញ្ជាការផ្នែកសឹករងក្រុង និងជាអនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនក្រុងស្ទឹងសែន បានទៅសំណេះសំណាលសាកសួរសុខទុក្ខ អតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី ចំនួន៤គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាត រស់នៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចទាំងទ្វេតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខនិងជីវភាពរស់នៅរបស់អតីតយុទ្ធជននៅគ្រប់ពេលវេលា។ សម្ដេចទាំងទ្វេសូមជូនពរ ដល់ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ និងពុទ្ធពរទាំងបួនប្រការ កុំបីភ្លៀងឃ្លាតឡើយ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់អតីតយុទ្ធជនពិការ និងក្រុមគ្រួសារអតីតយុទ្ធជនពលី ទាំងអស់  ត្រូវថែទាំសុខភាពឲ្យបានល្អ ខិតខំប្រកបរបររកទទួលទាន ដោយសុចរិតទៀងត្រង់ តាមលទ្ធភាព ដែលអាចធ្វើទៅបាន គួបផ្សំនឹងប្រាក់បៀវត្សប្រចាំខែ ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន ដើម្បីចិញ្ចឹមជីវិត និងក្រុមគ្រួសារនីមួយៗ ។

នៅក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខ អតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី ដែលមានជីវភាពលំបាកខ្វះខាតនៅពេលនេះ ឧត្តមសេនីយ៍ទោសោម ស៊ុន បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត   និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី​ ឧបត្ថម្ភជូនអតីតយុទ្ធជនទាំង៤ គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាននូវអង្ករចំនួន២៥ គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន១យួរ ត្រីខកំប៉ុងចំនួន១យួរ និងថវិកាមួយចំនួន ផងដែរ។