ខេត្តព្រះវិហារ៖ ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំងជំនាញ អធិការក្រុង-ស្រុកទាំង៨ និងមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង៥១ ក្នុងខេត្ត ត្រូវបន្តសហការរួមគ្នា ចុះទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ការចរាចរគ្រឿងញៀន ក្រុមក្មេងទំនើង សិស្សគេចសាលារៀន និងបទល្មើសផ្សេងៗទៀត ឱ្យអស់ពីក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។
ការដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់ ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានធ្វើឡើងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី លំហាត់របៀប ការស្លៀកពាក់ឯកសណ្ឋាន ក្រមសីលធម៌វិជ្ជាជីវៈនគរបាល និងកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នាថ្ងៃទី៣មិថុនា២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។
ពិធីដែលបានធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ នាពេលនោះ ក៏មានការចូលរួមពី លោក-លោកស្រី ឧត្តមសេនីយ៍ ,វរសេនីយ៍ស្នងការរង ,អនុផែន ,នាយ-នាយរងការិយាល័យ ,អធិការ ,អធិការរងនគរបាលក្រុង-ស្រុកទាំង៨ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង៥១ឃុំ-សង្កាត់ ផងដែរ។
នៅក្នុងឱកាសនោះ ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានផ្តល់អនុសាសន៍ដឹកនាំ ត្រូវបន្តសហការរួមគ្នាបំពេញភារកិច្ចឱ្យបានល្អ និងបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំងនគរបាលទូទាំងខេត្តព្រះវិហារ ធ្វើយ៉ាងណាត្រូវបង្ក្រាបល្បែងស៊ីសងខុសច្បាប់ បញ្ហាគ្រឿងញៀន បទល្មើសផ្សេងៗ ជាពិសេសត្រូវបោសសម្អាតក្រុមក្មេងទំនើង និងសិស្សគេចសាលា ឱ្យអស់ពីក្នុងមូលដ្ឋាន ព្រមទាំងខិតខំប្រឹងប្រែងបម្រើសេវាសាធារណ: ជូនប្រជាពលរដ្ឋប្រកបដោយ វិជ្ជាជីវៈ ក្រមសីលធម៌ ត្រូវឆ្លើយតបរាល់សំណូមពរ និងតម្រូវការដែលប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានចង់បាន៕ដោយ៖ឡុង សំបូរ