បន្ទាយមានជ័យ៖ មានផ្លូវ មានក្តីសង្ឃឹម ដើម្បីបំពេញតាមតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ បានសំណូមពរដល់អាជ្ញាធរស្រុកមង្គលបូរី សុំបើកផ្លូវលំមួយកន្លែង ដែលមានប្រវែង៥០០ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតនៅក្នុងភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ភ្លាមៗនោះគណៈអភិបាលស្រុកមង្គលបូរី បានធ្វើការចាត់តាំងលោក ឆុំ ឆាន អភិបាលរងស្រុកមង្គលបូរី សហការជាមួយអាជ្ញាធរភូមិ ឃុំកងកម្លាំងអាវុធហត្ថស្រុក នគរបាលស្រុក និងមន្ត្រីជំនាញបានចុះវាស់វែងបើកផ្លូវលំជូនតាមសំណូមពរ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤។
ក្នុងឱកាសចុះពិនិត្យវាស់វែងនោះលោក ឆុំ ឆាន អភិបាលរងស្រុកមង្គលបូរីបានមានមតិលើកឡើងថា៖ផ្លូវលំ១ខ្សែនេះមានប្រវែង៥០០ម៉ែត្រ ទទឹង៤ម៉ែត្រនេះបងប្អូនប្រជាពលរដ្ឋធ្លាប់សំណូមពរដល់អាជ្ញាធរស្រុក ហើយអាជ្ញាខុសស្រុកក៏បានធ្លាប់បើកកិច្ចប្រជុំដោះស្រាយផលប៉ះពាល់រួចម្ដងហើយ។ ដែលក្នុងនោះមានបងប្អូនប្រជាពលរដ្ឋរស់នៅឆ្លងកាត់ប្រមាណជាង ៣៥គ្រួសារ ហើយវាគឺជាផ្លូវចាស់យូរណាស់មកហើយ។ម្យ៉ាងវិញទៀតតាមរយៈផ្លូវមួយខ្សែនេះគឺវាមានសារៈសំខាន់ណាស់សម្រាប់បងប្អូនធ្វើដំណើរឆ្លងកាត់ប្រកបរបររកស៊ី។
គួរបញ្ជាក់ថា៖បន្ទាប់ពីចុះវាស់វែងបើកផ្លូវរួចមកលោកនឹងក្រុមការងារបានយកគ្រឿងចក្រគៀកបើកផ្លូវតភ្ជាប់គ្នាឡើងវិញ ដើម្បីអោយប្រជាពលរដ្ឋ បានប្រើប្រាស់ជាបណ្តោះអាសន្នឆាប់ៗនេះផងដែរ៕ដោយ៖ឃិន គន្ធា