ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៣ នៃស្រុកស្ទោង

0

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤  ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមនិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ព្រមទាំងសមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសសមាសភាព ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៣ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។

ថ្លែងនៅក្នុងពិធីប្រកាសនេះឯកឧត្តម ថោ ជេដ្ឋា បានកោតសរសើរខ្ពស់ដល់លោក សាយ គឹមឡម ប្រធានគណបក្សស្រុកស្ទោង និងសមាជិកសមាជិកា និងអង្គបោះឆ្នោតគ្រប់រូបដែលបានខិតខំអស់ពីលទ្ធភាពក្នុងការបោះឆ្នោតជ្រើសរើសតាំង សមាជិកក្រុមប្រឹក្សាស្រុក ដែលបានទើបបញ្ចប់កាលពីពេលថ្មីៗទៅនេះដែលទទួលបានលទ្ធផលលើសពីការរំពឹងទុក្ខ  ហើយឯកឧត្តម បានកោតសរសើរខ្ពស់ដល់ប្រធានគណបក្សស្រុក ដែលបានរាយការណ៍អំពីភាពអវិជ្ជមាន និងការពិតមួយចំនួនដែលបានកើតឡើងនៅក្នុងមូលដ្ឋានដែលជាទឡ្ហីករណ៍ក្នុងការដោះស្រាយបញ្ហាឲ្យ មានប្រសិទ្ធភាពមួយកម្រិតថែមទៀត។

ជាមួយនេះផងដែរឯកឧត្តម ថោ ជេដ្ឋា បានណែនាំដល់ លោក លោកស្រី សមាជិកសមាជិកាទាំងអស់ ដែលបានប្រកាសតែងតាំងនៅពេលនេះត្រូវខិតខំ ឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីអនុវត្តកម្មវិធីគោលនយោបាយ គោលការណ៍ សេចក្តីសម្រេចនានារបស់គណបក្ស ក៏ដូចជាការពង្រឹងគណបក្ស ទាំងផ្នែកនយោបាយ សតិអារម្មណ៍ ចាត់តាំង និងហិរញ្ញវត្ថុ ស្របតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់គណបក្សផងដែរ។

ទន្ទឹមនឹងនេះគឺការពង្រឹងរចនាសម្ព័ន្ធអង្គការចាត់តាំងដើម្បីគ្រប់គ្រង ពង្រឹងពង្រីកគណបក្ស ក៏ដូចជាធ្វើបច្ចុប្បន្នភាពឲ្យបានជាប់ជាប្រចាំ ហើយត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង ឲ្យបានមាំល្អ ធ្វើជាគំរូដ៏ល្អដល់សមាជិកសមាជិកា និងការបំពេញការងារប្រកបដោយការទទួលខុសត្រូវ ប្រសិទ្ធភាព ព្រមទាំងដោះស្រាយបញ្ហាសំណូមពរ និងភាពលំបាកផ្សេងៗរបស់ប្រជាពលរដ្ឋ ឲ្យបានចំគោលដៅ សំដៅទទួលបានការគាំទ្រ និងភាពជឿជាក់ពីប្រជាពលរដ្ឋគ្រប់មូលដ្ឋាន និងគ្រប់កាលៈទេសៈ។

លើសពីនេះទៀតប្រធានក្រុមការងារ បានណែនាំដល់សមាជិកសមាជិកាគ្រប់មូលដ្ឋាន ត្រូវខិតខំធ្វើការជាមួយយុវជនឲ្យបានច្រើន ជាពិសេសគឺការបំពាក់បំប៉នស្មារតីជាមួយយុវជនដែលគ្រប់អាយុបោះឆ្នោត ដែលជាកម្លាំងស្នូល ជាទំពាំងស្នងឬស្សីរបស់គណបក្ស និងប្រទេសជាតិទៅថ្ងៃអនាគត។

ជាចុងក្រោយឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានធ្វើការណែនាំដល់សមាជិកសមាជិកាក្នុងអង្គពិធីទាំងមូលត្រូវខិតខំថែរក្សាសុខភាពឱ្យបានល្អប្រសើរគឺ សុខភាពនេះហើយដែលនាំឲ្យយើងសម្រេចកិច្ចការផងទាំងឡាយប្រកបដោយជោគជ័យដ៏ត្រចះត្រចង់។ អត្ថបទលោក ឆុន ឆេងក្រឹម