(កំពង់ធំ)៖លោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ និងលោក សួស យ៉ារ៉ា ប្រធានកិត្តិយសចុះ
មូលដ្ឋានស្រុកកំពង់ស្វាយបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុម
ការងារគណបក្សប្រជាជនចុះមូលដ្ឋានឃុំទាំង ១១ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី០២ ខែ មិថុនា ឆ្នាំ ២០២៤នៅស្នាក់ការគណបក្សស្រុកកំពង់ស្វាយ។
លោកស្រី ឃួន ឃុនឌី បានថ្លែងអំណរគុណ និងបានវាយតម្លៃខ្ពស់ជូនចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំទាំង១១ គណៈកម្មាធិការគណបក្សស្រុក និងឃុំទាំងអស់ដែលបានខិតខំសម្រេចបាននូវជោគជ័យដ៏ធំធេងគួរជាទីមោទនក្រៃលែង នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ដ ស្រុក ក្រុង អាណត្តិទី៤ ឆ្នាំ២០២៤ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ។
លោកស្រី ឃួន ឃុនឌី បានលើកឡើងថាភាពជោគជ័យនេះបានបង្ហាញយ៉ាងច្បាស់ពីការចូលរួមចំណែកយ៉ាងសកម្ម ការពុះពារលះបង់របស់សមាជិកគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកដែលបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស និងកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាលព្រមទាំងជួយមូលដ្ឋានក្នុងការកសាងពង្រឹងគណបក្ស ពង្រឹងជីវភាពក្រុមបក្ស គ្រប់គ្រងនយោបាយសតិអារម្មណ៍ ពង្រឹងការគ្រប់គ្រងសមាជិកបក្សបានយ៉ាងច្បាស់លាស់និងរឹងមាំទាំងបរិមាណនិងគុណភាព ជួយចលនានៅមូលដ្ឋានទាំងស្មារតីនិងសម្ភារៈ និងជួយសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ។
លោក សួស យ៉ារ៉ា បានលើកឡើងថា សាមគ្គីភាព និងការសហការល្អរវាងក្រុមការងារគណបក្ស និងសមាជិក សមាជិកា គ្រប់ជាន់ថ្នាក់បម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវស្របតាមគោលនយោបាយ និងអំពើល្អរបស់មន្ត្រីបក្ស គឺជាកត្តាសំខាន់ទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ និងជាកត្តាចម្បង នៃជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជានាពេលកន្លងមក។
លោកបានលើកទឹកចិត្តដល់សមាជិក សមាជិកាទាំងអស់ត្រូវបន្តប្រពៃណីដ៏ល្អប្រពៃនេះ និងរួមគ្នាខិតខំបម្រើប្រជាពលរដ្ឋឱ្យអស់លទ្ធភាព ជ័យជម្នះដែលគណបក្សប្រជាជនកម្ពុជា ទទួលបាននៅរៀងរាល់ការបោះឆ្នោត គឺមិនមែនត្រឹមតែជាជោគជ័យនៅលើសន្លឹកឆ្នោតទេ ប៉ុន្តែ គឺជាជោគជ័យរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស។
លោក សួស យ៉ារ៉ា បានបញ្ជាក់ថាត្រូវបន្តផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្ស ដែលបានដាក់ចេញ តាមរយៈកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ផ្តោតសំខាន់លើអាទិភាពចំនួន៥ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល» និងបន្តពង្រឹងការអនុវត្ត ថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម។
គួរបញ្ជាក់ថាសមាសភាពក្រុមការងារតាមបណ្ដាឃុំមាន៖ ១.ឃុំជ័យ ៨៨ នាក់ ២.ដំរីស្លាប់ ៤៨ នាក់ ៣.ឃុំកំពង់គោ ៦២ នាក់ ៤.ឃុំកំពង់ស្វាយ ៩៨ នាក់៥.ឃុំនីពេជ្រ ៧៧ នាក់ ៦.ឃុំផាត់សណ្តាយ ៦២ នាក់ ៧.ឃុំសាន់គរ ៥៥ នាក់ ៨.ឃុំ ត្បែង ៥៩ នាក់ ៩.ឃុំត្រពាំងឬស្សី ៩៤ នាក់ ១០.ក្តីដូង ៤៣ នាក់ និង ១១.ឃុំ ព្រៃគុយ ៤៦ នាក់ ។