(កំពង់ធំ)÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោងបានធ្វើការអំពាវនាវដូច្នេះ នៅក្នុងឱកាសដែលលោកអភិបាលស្រុក និងសហការីបានអញ្ជើញចុះត្រួតពិនិត្យមើលស្ថានភាពផ្លូវ ដើម្បីធ្វើផ្លូវបេតុងថ្មីស្ថិតនៅក្នុងភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ នៅសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤។
ជាមួយគ្នានេះលោក សាយ គឹមឡម បានអំពាវនាវបន្ថែមទៀតដល់ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវបេតុងថ្មីនេះត្រូវនាំគ្នាជួយថែរក្សាសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន ជាពិសេសកុំដាក់សំរាមចូលនៅក្នុងប្រព័ន្ធលូ ឬប្រព័ន្ធរំដោះទឹកដែលនាំឱ្យមានការកកស្ទះទឹក ដែលបង្កមានក្លិនមិនល្អបំពុលដល់បរិស្ថាន ឬធ្វើឱ្យមានជំនន់ដោយទឹកភ្លៀងនៅរដូវវស្សា។
លើសពីនេះលោកអភិបាលស្រុកស្ទោង បានណែនាំដល់លោកមេឃុំកំពង់ចិនត្បូង និងសហការី ត្រូវខិតខំផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេសត្រូវនាំគ្នាតាមដានត្រួតពិនិត្យជាប្រចាំរាល់សកម្មភាពសាងសង់របស់អ្នកម៉ៅការ ដើម្បីធានាបាននូវតាមបទដ្ឋានបច្ចេកទេសគុណភាព កិច្ចសន្យា និងធានានូវការប្រើប្រាស់បានយូរអង្វែង។
ទន្ទឹមនឹងនេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ពុកម៉ែ បងប្អូន ដែលរស់នៅអមសងខាងផ្លូវបេតុងនេះ ដែលបានសម្បទាននិងបានសហការខ្ពស់ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យដំណើរការសាងសង់ផ្លូវនេះប្រព្រឹត្តទៅបានរលូនតាមផែនការនិគតិយុយត្តិ។
គួរបញ្ជាក់ផងដែរថា ផ្លូវបេតុងថ្មីដែលកំពុងដំណើរការសាងសង់នេះមានប្រវែង៦០០ម៉ែត្រ ទទឹង០៦ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ដែលជាថវិកាមូលនិធិឃុំកំពង់ចិនត្បូងឆ្នាំ ២០២៣។