ឧត្តមសេនីយ៍ទោ សោម ស៊ុន បន្តទៅសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់អំណោយរប់ស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនកងកម្លាំងចម្រុះការពារតំបន់ព្រៃឧទ្យានអភិរក្សបឹងពែរ ខេត្តកំពង់ធំ 

0

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ គ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ បានដឹកនាំសហការីទៅសំណេះសំណាលសាកសួរសុខទុក្ខ ប្រគល់ភារកិច្ចសំខាន់ៗ និងប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនកងកម្លាំងចម្រុះក្នុងកិច្ចសហប្រតិបត្តិការ គ្រប់គ្រង ការពារ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅតំបន់ទន្លេជ្រៃ និងក្បាលទន្សាយ ស្ថិតក្នុងភូមិសាស្ត្រតំបន់ព្រៃឧទ្យានអភិរក្សបឹងពែរ នៅឃុំសង្គ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងផ្សព្វផ្សាយបទបញ្ជាស្តីពីការងារគ្រប់គ្រងការពារ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត  និងការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ប្រមុខថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ និងបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្ត ប្រធានគណៈកម្មការការពារគ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ   ដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងបង្ករលក្ខណងាយស្រួលគ្រប់បែបយ៉ាង ដើម្បីការពារនិងគ្រប់គ្រងធនធានធម្មជាតិ ឲ្យមានប្រសិទ្ធភាព។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំង និងស្ថាប័នជំនាញរួមជាមួយអាជ្ញាធរដែនដីគ្របផលំដាប់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារ គ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងរយៈពេលថ្មីៗកន្លងទៅនេះ ទទួលបានលទ្ធផលជោគជ័យ គួរជាទីមោទនៈ ដោយគ្មានជនល្មើសលួចចូលកាប់ទន្ទ្រានព្រៃឈេីយកដីរដ្ឋជាថ្មី ។  ហើយចំពោះដីដែលបានកាប់ទន្ទ្រានរួច ត្រូវបានកងកម្លាំងចម្រុះ រួមគ្នាគ្រប់គ្រងការពារ ដើម្បីទុកជាសម្បត្តិរដ្ឋ និងកំពុងស្រាវជ្រាវវែកមុខរកជនល្មើស ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោស តាមផ្លូវច្បាប់ជាធរមាន។

នៅក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់ភារកិច្ចនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូននូវគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ បន្ទះសូឡាមានអំពូលភ្លើង ប្រេងឥន្ធនៈ និងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍វង្ស ពិសេន  អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ   និងជំនួយឧបត្ថម្ភរបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ សម្រាប់ជួសជុលមធ្យោបាយធ្វើដំណើរ និងសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ក្នុងកិច្ចសហប្រតិបត្តិការបំពេញបេសកកម្មការពារគ្រប់គ្រង និងបង្ក្រាបទល្មើសធនធានធម្មជាតិ ឲ្យទទួលបានជោគជ័យបន្ថែមទៀត។ អត្ថបទដំបន់សឹករងកំពង់ធំ។