ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក នាយកដ្ឋានច្រកទ្វារទី2 នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍

0

ខេត្តកំពត: ពិធីប្រកាសផ្ទេរភាកិច្ច និងតែងតាំងមុខតំណែង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក នាយកដ្ឋានច្រកទ្វារទី2 នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រព្រឹត្តឡើងនៅព្រឹកថ្ងៃទី10 ខែមិថុនា ឆ្នាំ2024 ក្រោមអធិបតីភាព លោក ង៉ាន់ ថារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម បណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងក៏មានការអញ្ជើញចូលរួមផងដែរ ពីសំណាក់ អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ និងមន្ត្រីនគរបាលអន្តោប្រវេសន៍ នៃច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកទាំងមូល។

បន្ទាប់ពីប្រកាស ចូលកាន់មុខតំណែង លោកវរសេនីយ៍ទោ គង់ វណ្ណី នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រែកចាកថ្មី បានឡើងប្តេជ្ញាចិត្តថា លោកនឹងខិតខំអនុវត្តន៍ការងារ ដែលថ្នាក់លើប្រគល់ជូនឱ្យកាន់តែមានភាពប្រសើរឡើង ពិសេសគ្រប់គ្រងអង្គភាពរបស់ខ្លួនឱ្យមានភាពរឹងមាំ និងល្អប្រសើរឡើងថែមទៀត។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោក ង៉ាន់ ថារិទ្ធ អភិបាលរងខេត្តកំពត បានបញ្ជាក់ដែរថា ក្នុងនាមជាមន្ត្រីនគរបាលអន្តោប្រវេសន៍ ត្រូវគោរពវិន័យ និងពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានល្អ ដើម្បីបម្រើផលប្រយោជន៍រួម ជាពិសេសការគោរពវិន័យក្នុងអង្គភាព ជាគោលការណ៍ចម្បង។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ទាំងអស់ ត្រូវចេះរួមសាមគ្គីគ្នា ឯកភាពផ្ទៃក្នុង ដោយគោរពតួនាទីភារកិច្ច និងគោរពវិន័យកងកម្លាំងក្នុងអង្គភាពឱ្យបានខ្ពាប់ខ្ជួន។

លោកឧត្តមសេនីយ៍ឯក បានណែនាំបន្តទៀតថា មន្ត្រីនគរបាលអន្តោប្រវេសន៍ ត្រូវតែយកចិត្តទុកដាក់ ក្នុងការបម្រើសេវាជូនភ្ញៀវទេសចរ ជាតិនិងអន្តរជាតិ ដែលបានធ្វើដំណើរឆ្លងកាត់តាមច្រកទ្វារ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវ: ហើយត្រូវកត់ត្រាឱ្យបានច្បាស់លាស់ ដូចជាការធ្វើដំណើរចេញ-ចូល របស់ភ្ញៀវទេសចរ បើទោះជាការចេញ-ចូល ក្នុងរត:ពេលយូរឬឆាប់រស័សបែបណាក៏ដោយ ក៏ត្រូវមានតួលេខច្បាស់លាស់ មិនអាចចេះតែធ្វើលំៗបាននោះឡើយ៕ សេង ណារិទ្ធ