(កំពង់ធំ)÷ នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ លោក អ៊ុតវណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ កងកម្លាំងទាំងបី លោកមេឃុំ និងមន្ត្រីរាជការនៅក្នុងស្រុកកំពង់ស្វាយ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកកំពង់ស្វាយ អាណត្តិទី៤ នៅសាលប្រជុំស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានការចង្អុលបង្ហាញ ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ធ្វើឱ្យស្រុកកំពង់ស្វាយ គ្រប់ភូមិសាស្ត្រគ្រប់តំបន់រហូតដល់មូលដ្ឋានដាច់ស្រយាលមានសន្តិសុខល្អប្រសើរ។ សកម្មភាព រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់សាធារណៈ មានភាពល្អប្រសើរ និងប្រសិទ្ធភាពរហូតទទួលបានចំណាត់ថ្នាក់លេខ១ ទាំង១១ឃុំ ជាមួយនេះរដ្ឋបាលស្រុក មានក្រុមការងារ គណៈបញ្ជាការ ឯកភាពរដ្ឋបាលស្រុក សម្រាប់ធ្វើការដោះស្រាយបញ្ហានានា និងបង្ក្រាបបទល្មើសគ្រប់ប្រភេទដែលកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរដ្ឋបាលស្រុកកំពង់ស្វាយ បានទាន់ពេលវេលា ព្រមទាំងបានរៀបចំនូវសណ្តាប់សាធារណៈនមានរបៀបរៀបរយល្អ។ ស្ថានការណ៍ថ្មីៗ កន្លងទៅនេះគឺ រដ្ឋបាលស្រុកបានការពារ សន្តិសុខសណ្តាប់ធ្នាប់ ជូនដល់ គណបក្សនយោបាយនានា ក្នុងយុទ្ធនាការឃោសនា បោះឆ្នោត និងបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត/ស្រុក អាណត្តិទី៤ បានល្អប្រសើរ ដោយមិនមានអំពើហិង្សាឬប្តឹងតវ៉ា និងការរំលោភបំពាន ពីមជ្ឈដ្ឋានណាមួយឡើយ។
លោកជំទាវ លំ គន្ធារី នានថ្លែងថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៃរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ គឺជាដំណើរការសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលមានគោលបំណងរួមមាន៖ (១)ការពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ឱ្យចាក់គ្រឹះរហូតដល់ថ្នាក់មូលដ្ឋាន។ (២)ការផ្លាស់ប្តូររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈ គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការដោយបង្កើតឡើងនូវរដ្ឋបាលឯកភាពដែលមានស្វ័យភាព សិទ្ធិ អំណាច និងមុខងារ ធនធានសមស្របដែលបានផ្ទេរឱ្យទៅរដ្ឋបាលក្រោមជាតិ ក្នុងការផ្តល់សេវា សាធារណៈ និងសេវាសង្គមនានាតាមមូលដ្ឋានដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ។(៣)លើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍមូលដ្ឋាន សំដៅកាត់បន្ថយ ភាពក្រីក្រ និងលើកកម្ពស់គុណភាព នៃជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានជំរុញនិងលើកទឹកចិត្តដល់ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុកកំពង់ស្វាយទាំងអស់ ដើម្បីរួមគ្នាសម្រេចបាននូវកិច្ចការ ចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់។ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍ នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រី នៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
គួរបញ្ជាក់ផងដែរថា ពិធីប្រកាសសមាសភាពក្រុមប្រឹក្សាស្រុកអាណត្តិទី៤ ប្រធានក្រុមប្រឹក្សាស្រុកគឺ លោក ឌិត សាខន ត្រូវបានប្រកាសជាប្រធានក្រុមប្រឹក្សាស្រុកកំពង់ស្វាយ ប្រធាន និងសមាជិកក្រុមក្រុមប្រឹក្សាស្រុកចំនួន២១នាក់ ឱ្យចូលកាន់មុខតំណែងជាក្រុមប្រឹក្សាស្រុកកំពង់ស្វាយ។ អត្ថបទលោក ធូ កែវមុន្នី