ខេត្តសៀមរាប : នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាបមានបើកកិច្ចប្រជុំសមាជិកសភាតំបន់ ស្តីពីការលុបបំបាត់អំពើហិង្សា ប្រឆាំងស្ត្រី និងកិច្ចប្រជុំគណៈកម្មាធិការសមាជិកសភាបុរស នៃវេទិកាសមាជិកសភាអាស៊ី ដើម្បីប្រជារាស្ត្រនិង ការ អភិវឌ្ឍន៍ ស្តីពីការលុបបំបាត់អំពើហិង្សាប្រឆាំងស្ត្រី ដែលមានរយៈពេល០២ថ្ងៃ ។វេទិកាជួបជុំមាជិក សភាតំបន់ ដ៏មាន សារៈសំខាន់នេះ ត្រូវបានរៀបចំឡើងដោយច្ចសហប្រតិបត្តិការរបស់អង្គការAFPPD , Australian Aid , CAPPD និង UNFPA ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវម៉ែន សំអនឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា និង អធិការកិច្ច និង ជាប្រធានសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រនិងការអភិវឌ្ឍន៍(CAPPD) ។ដោយមានសមាសភាពអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជា សមាជិកសភាមកពី ២៦ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និង អាស៊ីប៉ាស៊ីហ្វិក និង អាជ្ញាធរខេត្ត ក្រុមប្រឹក្សាខេត្តព្រមទាំងអស់លោក លោកស្រី ដែលជាអ្នកជំនាញមកពីAFPPD ,ILO UNWOMEN , UNAIP , UNAID , UNFPA ផងដែរ ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សមាជិកសភា ចំពោះអំពើហិង្សាប្រឆាំងស្ត្រី សំខាន់អំពើជួញដូរមនុស្ស និង អាពាហ៍ពិពាហ៍កុមារ ដែលមានទំនាក់ទំនងជាមួយបញ្ហាប្រជាជន និង ការអភិវឌ្ឍន៍ ព្រម ទាំងរៀបចំសកម្មភាព ផ្អែកលើការចែករំលែកចំណេះដឹង និង ភស្តុតាងជាក់ស្តែងលើគោលនយោបាយ និង ការគាំទ្រមតិ ចំពោះអំពើហិង្សាប្រឆាំងស្ត្រី ក្នុងចំណោមសមាជិកសភា ពីបណ្តាប្រទេសនានានៅក្នុងតំបន់ និង ការពិនិត្យលទ្ធផលនៃ ការអនុវត្តផែនការសកម្មភាព អត្ថប្រយោជន៍
នៃកិច្ចប្រឹងប្រែង និង លើកផែនការសកម្មភាពបន្ទាប់ សម្រាប់គណៈកម្មាធិ ការមាជិកសភាបុរស លើការលុបបំបាត់អំពើហិង្សាប្រឆាំងស្ត្រី និង ការបង្កើននូវចំណេះដឹង ការយល់ដឹងពីទស្សនៈ និង បទពិសោធន៍ពីបណ្តាប្រទេសនានា ចំពោះការលុបបំបាត់អំពើហិង្សាប្រឆាំងស្ត្រី ក្នុងចំណោមសមាជិកសភា ព្រមទាំងបង្កើនវិធានការធ្វើឡើងដោយសមាជិកសភា ក្នុងការបង្កាអំពើហិង្សាប្រឆាំងស្ត្រី និង កុមារី ។
តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ម៉ែន សំអន បានមានប្រសាសន៍លើកឡើងផងដែរថា វេទិកាសមាជិកសភាអាស៊ីដើម្បីប្រជាជន និង ការអភិវឌ្ឍន៍ បានដើរតួនាទីដ៏លេចធ្លោសំដៅសម្រេចបាន សមធម៌យ៉េនឌ័រ នៅលើគ្រប់វិស័យ ក្នុងជីវភាពរបស់ស្ត្រី ព្រមទាំងគោលដៅនៃកម្មវិធីសកម្មភាពរបស់សមាគមសមាជិកសភាកម្ពុជា ដើម្បី ប្រជារាស្ត្រ និង គោលដៅអភិវឌ្ឍន៍សហវត្ស ហើយក៏មានប្រទេសលើសកលលោក និង អង្គការជាតិ អន្តរជាតិជាច្រើន បានបង្ហាញពីបំណងក្នុងការគាំទ្រ ផ្តួចផ្តើមសកម្មភាពគោលនយោបាយ ដែលអាចនាំមកការផ្លាស់ប្តូរជាសារព័ន្ធ ។
លោក ជំទាវក៏បានគូសបញ្ជាក់ថា កិច្ចប្រជុំសមាជិកសភាតំបន់នេះ ជាការបង្ការអំពើហិង្សាប្រឆាំងស្ត្រី និង ស្ត្រីវ័យក្មេង ដែលជា ឱកាសមួយសម្រាប់សមាជិកសភាតំបន់ ដើម្បីចែករំលែកនូវទស្សនៈ និង ស្វែងរកដំណោះស្រាយ ចំពោះក្តីព្រួយបារម្ភរួម នៅក្នុងតំបន់ និង ប្រទេសរៀងៗខ្លួន ក្នុងការឆ្ពោះទៅរកវឌ្ឍនភាព និង ការទប់ស្កាត់អំពើហិង្សាលើស្ត្រី និង ស្ត្រីវ័យក្មេង ដែលជាសសរស្តម្ភដ៏រឹងមាំរបស់ប្រទេសជាតិ ក្នុងភាពជាដែគូជាមួយស្ត្រី ដោយស្ត្រីធ្វើជាគំរូល្អនៅក្នុងសង្គមគ្រួសារ និង សហគមន៍របស់ពួកគេផ្ទាល់ និងការផ្តល់សិទ្ធអំណាចដល់ស្ត្រីឈានឆ្ពោះទៅសម្រេចសមភាពយេនឌ័រ និងការកាត់បន្ថយ ភាពក្រីក្រ ។
លោកជំទាវ ម៉ែន សំអន បានបន្តទៀតថា កិច្ចប្រជុំនេះ ប្រព្រឹត្តទៅស្របពេលដែលនៅ លើពិភពលោក បានកំពុងពិនិត្យមើលពីវឌ្ឍនភាពដែលសម្រេចបាន និង បញ្ហាប្រឈមទាំងឡាយនៅក្នុងការអនុវត្ត ក្របខ័ណ្ឌអភិវឌ្ឍន៍អន្តរជាតិ សំខាន់ផែនការសកម្មភាព នៃសន្និសិទអន្តរជាតិ ស្តីពីប្រជាជននិងការអភិវឌ្ឍន៍ និង គោល ដៅអភិវឌ្ឍន៍សហស្សវត្សរ៍ និង ការកំណត់របៀបវារៈសកលក្រោយឆ្នាំ២០១៥ ។ គោលដៅឆ្ពោះទៅសម្រេចសមភាព យេនឌ័រ នៅតែជាកំណាត់ផ្លូវដ៏វែងឆ្ងាយសម្រាប់ពិភពលោកទាំងមូល ហើយអំពើហិង្សាប្រឆាំងស្ត្រី ជាប្ញសគល់នៃវិសមភាពយេនឌ័រ និង ការរើសអើងដែលការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរទៀតផង ។
លោកជំទាវក៏លើកឡើងថា អំពើហិង្សាប្រឆាំងស្ត្រី មិន ត្រឹមតែជាផលវិបាក ប៉ះពាល់ដល់រូបកាយ ផ្លូវភេទ ផ្លូវចិត្ត និង ខាងសេដ្ឋកិច្ចចំពោះស្ត្រីតែប៉ុណ្ណោះទេ គឺបានជះឥទ្ធិពល អាក្រក់ដល់គ្រួសារ សហគមន៍ សង្គមទាំងមូល និង ជាឧបសគ្គដល់កិច្ចអភិវឌ្ឍន៍ទៀតផង ។ លោកជំទាវ ម៉ែន សំអន បានបញ្ជាក់ទៀតថា ក្រោមកិច្ចដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានសម្រេចវឌ្ឍនភាពគួរឲ្យកត់សម្គាល់ ក្នុងកិច្ចប្រឹងប្រែង អនុវត្តសមធម៌ និង សមភាពយេនឌ័រ តាមរយៈដាក់ចេញនូវ ច្បាប់ គោលនយោបាយ និង យន្តការឆ្លើយតបជាច្រើន ដែលជាមូលដ្ឋាន កម្ពុជាបានអនុម័តច្បាប់ សំដៅគាំពារ និង លើកកម្ពស់សុខមាលភាពស្ត្រី ក្នុងការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ កិច្ចការពារជនរងគ្រោះ ការបង្ក្រាបអំពើជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ និង ការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ ជម្ងឺអេដស៍ ក្រមរដ្ឋប្បវេណី និង ក្រមព្រហ្មទណ្ឌ ។
ម្យ៉ាងទៀត ការអនុវត្តគោលនយោបាយសមភាពយេនឌ័រ គឺជាអាទិភាពមួយ ក្នុងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ (២០១៤.២០១៨) ដោយកំណត់សូចនាករសំខាន់ៗ សម្រាប់ការតាមដាន និង អនុវត្តរបស់ស្ត្រី ក្នុងវិស័យ សាធារណៈ និង នយោបាយដោយបង្កើនចំនួនស្ត្រី ក្នុងអង្គការនីតិប្បញ្ញត្តិ រាជរដ្ឋាភិបាល រដ្ឋបាលសាធារណៈស្ត្រីជាថ្នាក់ ដឹកនាំនៅថ្នាក់ក្រោមជាតិ ។ លោកជំទាវក៏មានសង្ឃឹមជឿជាក់ផងដែរថា កិច្ចប្រជុំនេះ និងធ្វើឲ្យកិច្ចពិភាក្សាទទួលបាននូវ លទ្ធផលជាផ្លែផ្កា និង ទទួលបាននូវបទពិសោធន៍ អនុសាស្ត្រល្អៗ ដើម្បីសម្រាប់សម័យប្រជុំអង្គការសហប្រជាជាតិនៅពេលខាងមុខ ៕
លោក ខេង ខេមរា



































