អភិបាលខេត្តស្ទឹងត្រែង ប្រកាសវែកមុខរកជននៅពីក្រោយខ្នង នៃការប្រព្រឹត្តបទល្មើសព្រៃឈើ ការកាប់រុករានទន្ទ្រានយកដីរដ្ឋជាកម្មសិទ្ធិ និងចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ឱ្យខាងតែបាន

0

ខេត្តស្ទឹងត្រែង៖ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានដាក់បញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ពិសេសកម្លាំងកងរាជអាវុធហត្ថខេត្ត មន្ទីរបរិស្ថានខេត្ត បន្តស៊ើបអង្កេត ស្រាវជ្រាវ ដើម្បីវែកមុខ និងឈានទៅឃាត់ខ្លួនអ្នកនៅពីក្រោយខ្នងនៃបទល្មើស ក្រោមការប្រើប្រាស់រូបភាពជួលឱ្យប្រជាពលរដ្ឋ ឱ្យចូលកាប់បំផ្លាញព្រៃឈើ កាប់រុករានទន្ទ្រានព្រៃវាទយកដីរដ្ឋជាកម្មសិទ្ធិ មកទទួលទោសតាមច្បាប់រដ្ឋកំណត់។

ការដាក់បញ្ជារបស់ អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា ​បានធ្វើឡើងនៅថៃ្ងទី០៦ ខែសីហា ឆ្នាំ២០២៤ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការដកហូតវត្ថុតាង និងបង្ក្រាបបទល្មើសកាប់បំផ្លាញធនធានធម្មជាតិ ដែលប្រព្រឹត្តអំពើល្មើសច្បាប់ នៅក្នុងតំបន់ការពារទេសភាព នៅព្រំប្រទល់រស្រុកពីរ គឺ ស្រុកថាឡាបរិវ៉ាត់ និងស្រុកបុរីអូរស្វាយសែនជ័យ នៃខេត្តស្ទឹងត្រែង។

ករណីបង្ក្រាបបទល្មើសកាប់បំផ្លាញធនធានធម្មជាតិ ដែលប្រព្រឹត្តនៅក្នុងតំបន់ការពារទេសភាព នៅព្រំប្រទល់ស្រុកទាំងពីរខាងលើនោះ ត្រូវបានកម្លាំងឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ធ្វើការពួនស្ទាក់បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងរឹបអូសបានវត្ថុតាងបទល្មើសមួយចំនួន ដែលក្នុងគ្រាបច្ចុប្បន្ន ជនល្មើសដែលឃាត់ខ្លួនបាននោះ ត្រូវបានបញ្ជូនទៅដាក់ក្នុងពន្ធនាគារខេត្តនោះហើយ បន្ទាប់ពីបានបញ្ចប់នីតិវិធី ដោយស្ថាប័នអយ្យការ និងសាលាដំបូងខេត្តស្ទឹងត្រែង នោះរួចមក។

ការឈានទៅដល់ការបង្ក្រាប និងឃាត់ខ្លួនជនល្មើសខាងលើនោះ បានធ្វើឡើងបន្ទាប់ពី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ទៅដល់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សេង សុភាព និងមន្ទីរបរិស្ថានខេត្ត ក្រោមការដឹកនាំរបស់ លោក ស្រេង ជាហេង ដើម្បីស្រាវជ្រាវ កំណត់ទីតាំង និងឈានទៅកំណត់មុខសញ្ញា ក្រោមការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ។

ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានសំណូមពរទៅដល់ស្ថាប័នអយ្យការអមសាលាដំបូងខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ សូមបន្តស៊ើបអង្កេត ស្រាវជ្រាវ ដើម្បីវែកមុខ និងឃាត់ខ្លួនជននៅពីក្រោយខ្នង និងអ្នកជួលឱ្យប្រជាជន ចូលកាប់បំផ្លាញព្រៃឈើ ដើម្បីសម្រេចមហិច្ឆតាទន្ទ្រានដីរដ្ឋ ដោយខុសច្បាប់ មកទទួលទោសតាមច្បាប់រដ្ឋកំណត់ជាធរមាន។

លោក សរ សុពុត្រា បានថ្លែងអំណរគុណ លោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងសម្តែងនូវការកោតសរសើរ ចំពោះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្ត និងមន្ត្រីឧទ្យានុរក្ស ដែលបានអនុវត្តបទបញ្ជា សហការ សម្របសម្រួល និងពន្លាតនីតិវិធី ឈានដល់ការបង្ក្រាបបានទាំងស្រុង នៅករណីកាប់បំផ្លាញធនធានធម្មជាតិ នៅស្រុកពីរជាប់តំបន់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។

យោងរបាយការណ៍របស់ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានបង្ហាញថា នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិ ព្រៃឈើ នៅក្នុងតំបន់ការពារទេសភាព នៃភូមិសាស្ត្រ ខេត្ត នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កម្លាំងឧទ្យានុរក្សបានចាប់ខ្លួនជនល្មើស និងដកហូតវត្ថុតាងបានជាច្រើនប្រភេទ រួមមាន៖ អាវុធកែច្នៃប្រភេទកាប៊ីន ស្នាតេះ ប្រភេទឆ្នុក អាវុធម៉ាក់អាកា 47 មួយដើម ម៉ាកអឹមសី១ដើម ត្រង់ស៊ីន័រ១៤គ្រឿង និងអន្ទាក់ដាក់សត្វជាច្រើនម៉ែត្រ និង ឈើ៣ប្រភេទ (សុក្រំ ផ្ចឹក និងដួងចែម) ស្មើនឹងចំនួនសរុប ៩.៧៩៤ម៉ែត្រគូប ក្នុងនោះឈើប្រភេទសុក្រំចំនួន ២.៤៨៩ម៉ែត្រគូប ឈើប្រភេទផ្ចឹកចំនួន ៤.៩០៥ម៉ែត្រគូប និងឈើប្រភេទដួងចែមចំនួន ២.៤០០ម៉ែត្រគូបត្រីគុណ។ វត្ថុតាងបទល្មើសទាំងនោះ ត្រូវបានបង្ក្រាប និងដកហូតបានរយៈពេលជាង ៦ឆ្នាំ គឺ ចាប់តាំងពីឆ្នាំ២០១៨ រហូតមកទល់នឹងជាងពាក់កណ្តាលឆ្នាំ២០២៤នេះ។

វត្ថុតាងបទល្មើសទាំងអស់ដែលរឹបអូសបាន ត្រូវបានប្រគល់ជូន ស្ថាប័នអយ្យការ និងសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ក្រោយការចុះត្រួតពិនិត្យពីសំណាក់ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា ដោយមានការចូលរួមពី លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី៦សីហា២០២៤ នៅមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង។

ស្របពេលជាមួយគ្នានោះ លោកអភិបាលខេត្ត បានស្នើដល់ស្ថាប័នអយ្យការខេត្ត គួរយកឈើទាំងអស់នោះ ទៅជួយសាងសង់ផ្ទះជូនអតីតយុទ្ធជន ឬប្រជាជន ដែលជួបការលំបាក និងខ្វះខាតផ្នែកជីវភាពរស់នៅ ក្រោយពីបានបញ្ចប់នីតិវិធី តាមផ្លូវតុលាការនោះរួច៕ដោយ៖ឡុង សំបូរ