ភ្នំពេញ៖ ប្រទេសកម្ពុជាត្រៀមរៀបចំបើកព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំមួយ ដែលគ្រោងនឹងប្រព្រឹត្តិទៅនាថ្ងៃទី 6 ដល់ថ្ងៃទី 8 ខែវិច្ឆិកា ឆ្នាំ 2024 ខាងមុខនេះ ដើម្បីលើកស្ទួយវិស័យផលិតផលខ្មែរនៅក្នុងស្រុក និងទាក់ទាញភ្ញៀវវិនិយោគមកកម្ពុជាផងដែរ។
បើតាមលោក សុង តេង ប្រធានសមាគមចុងភៅកម្ពុជាបានឱ្យដឹងថា សម្រាប់ការធ្វើពិព័រណ៍ម្ហូបអាហារនិងបដិសណ្ឋារកិច្ចនៅក្នុងឆ្នាំនេះនឹងមានការដាក់បញ្ចូលការប្រកួតធ្វើម្ហូបថ្នាក់ជាតិផងដែរ។ លោកបន្តថា ការប្រកួតធ្វើម្ហូបនិងបដិសណ្ឋារកិច្ច និងជំរុញឧត្តមភាពផ្នែកធ្វើម្ហូបឲ្យកាន់តែប្រសើរ។ លោកបញ្ជាក់ថា÷”យើងបានសិក្សាបញ្ហាប្រឈមនានា ដើម្បីកែតម្រូវនិងពង្រឹងជំនាញបច្ចេកទេសដោយរួមបញ្ចូលជាមួយគ្រឿងផ្សំជាតិនិងអន្តរជាតិសម្រាប់ធ្វើឲ្យប្រសើរឡើងនៃម្ហូបដល់សំបូរបែបរបស់កម្ពុជា”។
ជុំវិញរឿងនេះ បើយោងតាមសេចក្តីប្រកាសព័ត៌មានស្ដីពីការរៀបចំពិព័រណ៍camfood and comehotel 2024 បានឱ្យដឹងថា ការរំលេចឡើងនៃព្រឹតិ្តការណ៍ប្រកួតប្រជែងចំអិនម្ហូបអាហារនិងបដិសណ្ឋារកិច្ចថ្នាក់ជាតិឆ្នាំ 2024នេះ និងបង្ហាញអំពីការប្រកួតជំនាញធ្វើម្ហូបនិងភាពច្នៃប្រឌិតផងដែរ ក្នុងនោះរួមមាន÷ ការឆ្លាក់ផ្លែឈើនិងបន្លែម្ហូបបួសការរចនានំអភិពាហ៍និងជំនាញបដិសណ្ឋារកិច្ចដូចជាការរៀបចំគ្រែការរៀបចំផ្កាការប្រកួតរៀបចំតុ និង sommelier, Waiterthon ជាដើម។
ជាមួយគ្នាផងដែរ នៅក្នុងសន្និសិទដែលបានធ្វើឡើងកាលពីរសៀលថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៤នេះ លោក លូ ម៉េង នាយកប្រតិបត្តិចុងភៅនៅកម្ពុជាក៏បានលើក ឡើងពីឱកាសនៃការវិនិយោគរបស់ម្ចាស់អាជីវកម្មផលិតផលខ្មែរជាមួយនឹងបណ្តាក្រុមហ៊ុនទាំងក្នុងនិងក្រៅប្រទេសផងដែរ។ លោកបានឱ្យដឹងថា សម្រាប់ការ ប្រកួតធ្វើម្ហូបនិងបដិសណ្ឋារកិច្ច គឺនឹងព្យាយាមឱ្យមានការចូលរួមរហូតដល់ទៅ 40 ប្រទេស ហើយផលិតផលរបស់កសិករសំខាន់ៗដែលមាន ម្រេច គ្រាប់ស្វាយចន្ទី ស្វាយ អង្ករ…ជាដើមនេះ គឺនឹងត្រូវដាក់បង្ហាញនៅក្នុងកម្មវិធីដ៏អស្ចារ្យនោះដែរ។
លោកបន្តថា ការរៀបចំនេះទៀតសោតក៏ដើម្បីផ្សព្វផ្សាយពីការបញ្ចេញសមត្ថភាព ជំនាញ បច្ចេកទេស និងទេពកោសល្យធ្វើម្ហូបរបស់ខ្មែរដែរ ហើយវាក៏ជាឱកាសជ្រើសរើសនូវស្នាដៃធ្វើម្ហូបដែលល្អបំផុត។ លោកបញ្ជាក់ថា÷”សម្រាប់ម្ហូបដែលទទួលបានជ័យលាភីយើងនឹងដាក់បញ្ចូលធ្វើជាម្ហូបជាតិ ដោយមានការទទួលស្គាល់”។
សូមបញ្ជាក់ថា សម្រាប់ព្រឹតិ្តការណ៍ពិព័រណ៍ camfood and camhotel 2024 ដែលនឹងចាប់ ផ្ដើមនៅចុងឆ្នាំ 2024 នេះ ត្រូវបានគេរំពឹងថា នឹងមានក្រុមហ៊ុនដាក់តាំងបង្ហាញផលិតផលជាង 150 មកចូលរួម ជាមួយនឹងអ្នកទស្សនាជាង 12000នាក់។ សម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់នេះនឹងឆ្លុះបញ្ចាំងពីកំណើនដ៏រឹងមាំនិងសក្តានុពលដ៏ធំធេងនៃឧស្សាហកម្មបដិសណ្ឋារកិច្ចរបស់ប្រទេសកម្ពុជា៕