កំពង់ឆ្នាំង ៖កុមារកំព្រានៅក្នុងមណ្ឌលខេត្តកំពង់ឆ្នាំង នៅព្រឹកថៃ្ងទី២៣ ខែតុលា ឆ្នាំ២០១៤ បានទទួលអំណោយរបស់ឯកឧត្តម ហេង ពិទូ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង និង រួមដំណើរដោយលោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចខេត្ត លោក សោម
សុជាតា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំងជាច្រើនរូបទៀត បានចុះសាកសួរសុខទុក្ខប្អូនៗកុមារកំព្រាចំនួន៤០នាក់ និងនាំយកថវិកាជូនដល់ប្អូនៗគ្រប់គ្នា ។
លោក លៀង ជុំសុបិន្ត អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖ថវិកាដែលប្រគល់ជូនមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង សរុបចំមាននួន១លានរៀល ជាថវិការបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង ដែលបានមកពីការចូលរួមឧបត្ថម្ភរបស់សមាជិកសមាជិកានិងសប្បុរសជន ក្នុងកម្មវិធីល្បែងចាក់ទឹកកក។
ឯកឧត្តម ហេង ពិទូ បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជូនដល់ប្អូនៗកុមារកំព្រា៤០នាក់ក្នុងម្នាក់ៗទទួលបាន១ម៉ឺនរៀល និងបានឧបត្ថម្ភដល់កុមារដែលត្រូវម្តាយមីងធ្វើបាបមកពីស្រុកបរិបូណ៌ចំនួន៤ម៉ឺនរៀលទៀតផងដែរ។ មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះឯកឧត្តម ហេង ពិទូ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំងបានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលកន្លងមកឯកឧត្តម បានចូលរួមជាមួយរាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជាជួយដល់
ជនក្រីក្រគ្មានទីពឹង ជនចាស់ជរា ប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិ និងរងគ្រោះដោយគ្រោះថ្នាក់ផ្សេងៗនិងកុមារកំព្រា ជាពិសេសគឺជួយដល់មន្ទីរពេទ្យ ដើម្បីសុខមាលភាពប្រជាពលរដ្ឋនិងកុមារនៅទូទាំងប្រទេស ដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយឡើយ។ ឯកឧត្តម ហេង ពិទូ ក៏បានផ្តាំផ្ញើដល់ប្អូនៗដែលរស់នៅក្នុងមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង ទាំងអស់អោយចេះសាមគ្គីគ្នា ខិតខំរៀនសូត្រ ដើម្បីអនាគតខ្លួន និង ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិនាពេលអនាគត។ឯកឧត្តម បានសំណូមពរអោយប្អូនទាំងអស់ត្រូវចេះថែទាំសុខភាព ដោយផឹកស្អាតហូបស្អាតនិងរស់នៅស្អាត ដើម្បីកុំអោយមានជំងឺមកបៀតបៀនសុខភាពរបស់ខ្លួន។
លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំងលោកគ្រូអ្នកគ្រូនិងប្អូនៗទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ដល់ឯកឧត្តម ហេង ពិទូ និងសមាជិកសមាជិកសហភាពសហព័ទ្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង ជាពិសេសឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធកម្ពុជា សូមអោយឯកឧត្តម បានជួបប្រទះតែ និង សេចក្តីសុខគ្រប់ប្រការ មានអាយុយឺនយូរនិងទទួលបានជ័យជំនៈគ្រប់ភារកិច្ច៕