អភិបាលស្រុកស្ទោង អំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលបានអាស្រ័យផលលើដីចំណីផ្លូវ ដីសាធារណៈសូមចូលរួមសហការជាមួយអាជ្ញាធរដើម្បីអភិវឌ្ឍន៍មូលដ្ឋាន

0

(កំពង់ធំ)÷ លោក សាយ គឹមឡម បានធ្វើការអំពាវនាវដូច្នេះ នៅក្នុងវេទិកាពិគ្រោះយោបល់ និងព័ត៌មានថវិការដ្ឋបាលស្រុកស្ទោង នៅឃុំម្សាក្រង នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នៅវត្តស្ពឺត្បូងស្ថិត ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងឱកាសនោះដែរលោកអភិបាលស្រុក បានណែនាំដល់អាជ្ញាធរឃុំម្សាក្រងត្រូវចុះសិក្សា ឱ្យបានជាក់ស្ដែងដល់ទីតាំងទាំងឡាយដែលត្រូវកសាងឬក៏ជួសជុលឡើងវិញ ជាពិសេសប្រពន្ធរាស្រ្ត ផ្លូវចាស់ដែលបានបាត់បង់ក៏ដូចជា សំណើនិងសំណូមពរប្រជាពលរដ្ឋដើម្បីយកមកអនុវត្តនិងអភិវឌ្ឍន៍ ព្រមទាំងដោះស្រាយឲ្យបានត្រឹមត្រូវនិងទាន់ពេលវេលា និងមានប្រសិទ្ធភាព។

លោកបានបញ្ជាក់បន្ថែមថា ដោយសារប្រទេសជាតិយើងមានសុខសន្តិភាពនិងកំពុងមានការអភិវឌ្ឍន៍រីកចម្រើនខ្លាំងជាពិសេសក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីអាណត្តិទី៧នេះ សូម ពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមេត្តាចូលរួមសហការជាមួយរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរមូលដ្ឋានក្នុងការអភិវឌ្ឍន៍កសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាពិសេសថ្នល់កៅស៊ូ នៅតាមបណ្ដោយស្ទឹងស្ទោង ដែលកំពុងតែដំណើរការសាងសង់ក៏ដូចជាប្រព័ន្ធធារាសាស្ត្រ ការបើកផ្លូវចាស់និងអភិវឌ្ឍន៍កសាងនូវសមិទ្ធផលថ្មីៗថែមទៀត។

ជាមួយគ្នានេះលោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខរាជរដ្ឋាភិបាលដែលបានកសាងនូវទំនប់ស្ទាក់ទឹកស្ទឹងស្ទោង (ពាម) ដែលអាចស្តុកទឹកបានច្រើនលានម៉ែត្រគីប ដែលអាចផ្គត់ផ្គង់ទឹកជូនកសិករធ្វើស្រែប្រាំងបានពីរដងក្នុងមួយឆ្នាំដោយសុវត្ថិភាព ក៏ដូចជាការបង្កើននូវសេដ្ឋកិច្ចគ្រួសារកសិករនៅក្នុងស្រុកស្ទោជាច្រើនម៉ឺនគ្រួសារផងដែរ។

លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានណែនាំដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សូមកុំរំលោភបំពានឬអាស្រ័យផលនៅក្នុងតំបន់បីក្រៅតំបន់ឆ្វៀល ដែលរាជរដ្ឋាភិបាលបានឆ្វៀលជូនដាច់ខាត ពីព្រោះដីនិងព្រៃលិចទឹកនៅតំបន់បីជាតំបន់អភិរក្សដែលយើងត្រូវថែរក្សាទាំងអស់គ្នាជាពិសេសជាជម្រកត្រីពងនិង
គម្របធម្មជាតិដ៏មានប្រសិទ្ធភាពបំផុត។