បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បន្តផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ពាក់ព័ន្ធនឹងក្រុមប្រតិកិរិយាជ្រុលនិយម មានផែនការប្រមូលផ្តុំកម្លាំង ដើម្បីធ្វើបាតុកម្មផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់

0

ខេត្តព្រះវិហារ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា នៅយប់ថ្ងៃទី១៨សីហា២០២៤ បានប្រជុំជួរត្រួតពិនិត្យកម្លាំងទ័ព ដើម្បីត្រៀមចេញអន្តរាគមន៍ និងបានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលពាក់ព័ន្ធនឹងក្រុមប្រតិកិរិយាជ្រុលនិយមក្រៅច្បាប់ មានផែនការប្រមូលផ្តុំកម្លាំង ដើម្បីធ្វើបាតុកម្មផ្តួលរំលំ រាជរដ្ឋាភិបាល ស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងរារាំងរាល់កិច្ចការអភិវឌ្ឍន៍ប្រទេសជាតិ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានណែនាំដល់កងកម្លាំងទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ត្រូវបន្តត្រៀមបម្រុងកម្លាំង គ្រឿងបំពាក់ សម្ភារៈ មធ្យោបាយ បណ្ដាកិច្ចការធានាគ្រប់គ្រាន់ និងបានប្រគល់ភារកិច្ចសំខាន់ៗ ចាំបាច់មួយចំនួន ដល់ក្រុមអ​ន្តរាគមន៍ ដើម្បីរង់ចាំអនុវត្តតាមបទបញ្ជា របស់ថ្នាក់លើដែលបានប្រគល់ជូន ក្នុងភារកិច្ចការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងការពារ រាជរដ្ឋាភិបាល ស្របច្បាប់ ប្រឆាំងរាល់ឧបាយកលញុះញង់ បង្កចលាចល បំផ្លាញសុខសន្តិភាព និងដើម្បីធានាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ជូនប្រជាជនកម្ពុជា។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា​ បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានការបង្កឡើងដោយក្រុមជ្រុលនិយមមួយក្ដាប់តូច មានចេតនាញុះញង់ បង្កចលាចលក្នុងសង្គម ធ្វើឱ្យរាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍ និងចង់បំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា ក្នុងគោលបំណងផ្តួលរំលំ រាជរដ្ឋាភិបាល ស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតត្រឹមត្រូវ យុត្តិធម៌ នៅពេលកន្លងទៅ។

លោកឧត្តមសេនីយ៍មេបញ្ជាការ បានបញ្ជាក់ទៀតថា ក្នុងនាមនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ចំណុះយោធភូមិភាគទី៤ កងទ័ពជើងគោក ប្តេជ្ញាការពារ និងថែរក្សាឲ្យបានដាច់ខាត នូវសុខសន្តិភាព សន្តិសុខជាតិ ស្ថិរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងគ្រប់កាលៈទេសៈ ព្រមទាំងប្រឆាំងដាច់ខាតនូវរាល់អំពើណា ក្នុងចេតនាបំផ្លិចបំផ្លាញផលប្រយោជន៍ជាតិ បំផ្លាញសន្តិភាព និងអំពើវិទ្ធង្សនាផ្សេងៗ ពីក្រុមអគតិ និងក្រុមជ្រុលនិយមមួយចំនួន ទាំងក្នុង និងនៅក្រៅប្រទេស។

ដោយឡែក នាយទាហាន នាយទាហានរង និងពលទាហាន នៃកម្លាំងអន្តរាគមន៍របស់ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានប្តេជ្ញាដាច់ខាត គោរពអនុវត្តន៍យ៉ាងម៉ឹងម៉ាត់ តាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ និងបទបញ្ជារបស់គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រះវិហារ ដើម្បីថែរក្សា ការពារ សុខសន្តិភាព ជូនប្រជាជនកម្ពុជា ឲ្យបានដាច់ខាត បើទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ ៕ដោយ៖ឡុង សំបូរ