(ខេត្តកំពង់ធំ)៖ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅតែបន្តត្រួតពិនិត្យកងកម្លាំងអន្តរាគមន៍ ដើម្បីត្រៀមខ្លួន គ្រឿងបំពាក់ សម្ភារៈ និងមធ្យោបាយធានាគ្រប់គ្រាន់ក្នុងការត្រៀមចល័ត្នអន្តរាគមន៍តាមបទបញ្ជារបស់មេបញ្ជាការយោធភូមិភាគទី៤ និងបទបញ្ជារបស់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ដែលកិច្ចប្រជុំត្រួតពិនិត្យនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២៤។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ពីសំណាក់ក្រុមជ្រុលនិយម ត្រូវបានទទួលការបរាជ័យយ៉ាងអាម៉ាស់ ដោយវិធានការទប់ស្កាត់យ៉ាងមុឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។ ក្នុងនោះក្រុមជ្រុលនិយមចំនួន ៣១ នាក់ ត្រូវបានចាប់ឃាត់ខ្លួនរួមជាមួយវត្ថុតាង បញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ។ ដោយឡែកមេខ្លោងមួយចំនួនត្រូវបានសារភាពពីទោសកំហុសរបស់ខ្លូនដែលបានប្រព្រឹត្តដោយខ្វះការពិចារណា ក្រោមការអូសទាញញុះញង់ពីក្រុមឧទ្ទាមក្រៅច្បាប់ និងសុំការសណ្ដោសត្រាប្រណីពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា ដោយមានការចូលរួមអាជ្ញាធរដែនដី មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ រួមជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី ដែលបានសហការគ្នាយ៉ាងល្អប្រសើរក្នុងការថែរក្សាសុខសន្តិភាព របៀបរៀបរយ និងសណ្ដាប់ធ្នាប់សង្គម ជូនប្រជាជនកម្ពុជា ។ ជាមួយនោះដែរប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់នៅទូទាំងប្រទេសបានយល់ច្បាស់ពីតម្លៃនៃសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយគិតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះពួកគាត់មិនជឿតាមការញុះញង់របស់ពួកឧទ្ទាមក្រៅច្បាប់ ដែលជា និច្ចជាកាលពួកគេមិនបោះបង់មហិច្ឆតាក្នុងការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងបំផ្លាញសុខសន្តិភាពនៅកម្ពុជាឡើយ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដាក់បទបញ្ជាដល់កងកម្លាំងទាំងអស់ត្រូវតែបន្តការតាមដានសភាពការណ៍ថ្មីៗបន្ថែមទៀត នឹងត្រូវត្រៀមខ្លួនរួចជាស្រេចក្នុងការបម្រើប្រជាជន អ្វីៗដេីម្បីប្រជាជន និងក្នុងភារកិច្ចការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងដាច់ខាតការពារឲ្យបានរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ទោះបីត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ។ អត្ថបទ វេហាស៍