(កំពង់ធំ)÷ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំកងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចូលរួមដាំកូនឈើឡើងវិញ នៅលេីផ្ទៃដីជាង១០ ហិកតា ដែលបានដកហូតពីជនល្មើស ដែលបានកាប់ទន្ទ្រានព្រៃឈេីយកដីធ្វើជាកម្មសិទ្ធិក្នុងរយៈពេលកន្លងទៅ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ និងលោកជំទាវ រួមជាមួយអាជ្ញាធរដែនដី មន្ត្រីរាជការ និងប្រជាពលរដ្ឋ នៅតំបន់អូរតាកាវ ដែនព្រៃអង់តែន នៃគម្រោងរេដបូកកម្ពុជា-កូរ៉េ ដែលជាដែនព្រៃរក្សាទុកជាសម្បត្តិរបស់រដ្ឋ ស្ថិតក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។
លោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងននេសាទខេត្តកំពង់ធំ បានឡើងរាយការណ៍អំពីកូនឈើប្រណិតដែលត្រូវដាំស្តារព្រៃឈើឡើងវិញ នៅពេលនេះ មានចំនួន ជាង១ម៉ឺនដើម នៅលើផ្ទៃដីទំហ៊ុំជាង១០ ហិកតា ដែលបានដកហូតពីក្រុមជនល្មើសដែលបានកាប់ទន្ទ្រានព្រៃឈើយកដីធ្វើជាកម្មសិទ្ធិក្នុងរយៈពេលកន្លងទៅ ដែលការរៀបចំដាំដើមឈើស្តាឡេីងវិញនេះ តាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងឯកឧត្ដមអភិបាលខេត្តកំពង់ធំធ។
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណដល់មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្ត រួមជាមួយអាជ្ញាធរដែនដីស្រុកសន្ទុក ខេត្តកំពង់ធំ ដែលបានរៀបចំតាមការណែនាំរបស់រដ្ឋបាលខេត្ត ក្នុងការដាំកូនឈើ ដើម្បីស្ដារព្រៃឈើឡើងវិញ ក្រោយពីទទួលការបាត់បង់ដោយជនល្មើសកាប់ទន្ទ្រានយកដីធ្វើកម្មសិទ្ធិ ដែលបច្ចុប្បន្នក្រុមជនល្មើសទាំងនោះកំពុងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ជាធរមាន។ ហើយឯកឧត្តមអភិបាលខេត្តកំពង់ធំ បានណែនាំដល់អាជ្ញាធរដែនដីមន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមការពារសម្បត្តិធនធានធម្មជាតិរបស់យើង កុំឲ្យមានការបាត់បង់តទៅទៀត និងត្រូវមើលថែទាំកូនឈើថ្មី ដែលបានដាំនេះ ឲ្យបានដុះលូតលាស់ឡើងវិញ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ គ្រប់គ្រង ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានគោរពថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្ត លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្ត រួមជាមួយអាជ្ញាធរដែនដី មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានរៀបចំឱ្យមានការដាំកូនឈើឡើងវិញ តាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដោយបានណែនាំ និងប្រគល់ភារកិច្ចជូនដល់កងទ័ពទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវចូលរួមយ៉ាងសកម្មក្នុងការការពារទប់ស្កាត់ បង្រ្កាបបទល្មើសធនធានធម្មជាតិ និងការដាំកូនឈើ ដើម្បីស្ដារព្រៃឈើឡើងវិញ ទុកជាកេរ្ត៍ដំណែលដល់កូនចៅយើងនៅជំនាន់ក្រោយៗទៀត។ អត្ថបទ វេហាស៍