ដោយ៖ឡុង សំបូរ
ខេត្តព្រះវិហារ៖ ស្ត្រីជាប់សង្ស័យនឹងការប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ ១០នាក់ ក្នុងចំណោម ១១នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត បញ្ជូនទៅកាន់តុលាការខេត្តព្រះវិហារ នោះហើយ នៅថ្ងៃទី២២សីហា២០២៤នេះ បន្ទាប់ពីកម្លាំងនគរបាលជំនាញ បានចុះបំបែកសំបុកឃាត់ខ្លួន ព្រមទាំងដកហូតបានវត្ថុតាងបៀរ សម្ភារៈពាក់ព័ន្ធ រួមនឹងថវិកាជាង ៥លានរៀល ក្នុងប្រតិបត្តិការបង្ក្រាបដែលបានធ្វើឡើង នៅថ្ងៃទី២០សីហា២០២៤ នៅក្នុងផ្ទះស្ត្រីម្នាក់ ឈ្មោះ បៀន ចេក ស្ថិតក្នុងភូមិត្រពាំងទទ្ទឹម ឃុំរមទម ស្រុករវៀងខេត្តព្រះវិហារ។
នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្តព្រះវិហារ លោកវរសេនីយ៍ឯក គង់ គា បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា នៅក្នុងប្រតិបត្តិការឆ្មក់ចុះបង្ក្រាបវង់ល្បែងស៊ីសង ១កន្លែង កាលពីថ្ងៃទី២០សីហាកន្លងមកនេះ គឺបានអនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ និងក្រោមកិច្ចសម្របសម្រួលនីតិវិធី ពីលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ហើយលោក ក៏បានដឹកនាំកម្លាំងចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ១ករណីនេះ។
លោកវរសេនីយ៍ឯក គង់ គា បានប្រាប់អ្នកសារព័ត៌មានទៀតថា នៅក្នុងពេលបង្ក្រាបល្បែងស៊ីសង ១កន្លែងនោះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនស្ត្រី ចំនួន ១១នាក់ បញ្ជូនមកកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីធ្វើការសាកសួរ។ លោកថា ក្រោយការសាកសួរ ស្ត្រីដែលជាជនសង្ស័យ ១០នាក់ បានផ្តល់ចម្លើយសារភាពថា ក្នុងចំណោម ១១នាក់ មានស្ត្រីម្នាក់មិនជាប់ពាក់ព័ន្ធ នៅក្នុងការប្រព្រឹត្តល្បែងស៊ីសងនេះទេ។
លោកវរសេនីយ៍ឯក គង់ គា បានបន្តថា ដោយទទួលបានចម្លើយសារភាពនោះមក លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងខេត្ត បានសម្របសម្រួលឱ្យមានការដោះលែងស្ត្រីម្នាក់ ក្នុងចំណោម ១១នាក់ ឱ្យមានសេរីភាពឡើងវិញ។ ចំណែក ស្ត្រីទាំង១០នាក់ ដែលជាប់សង្ស័យនឹងការប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ រួមទាំងការដកហូតបានវត្ថុតាង សន្លឹកបៀរ ៥ហ៊ូ កំរាលលេងល្បែង២ កាបូបស្ពាយ៣ ទូរសព្ទ័ដៃ ៦គ្រឿង អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ ៥សន្លឹក និងប្រាក់ ៥លាន ៦៣ម៉ឺនរៀល ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការខេត្តព្រះវិហារហើយ នៅថ្ងៃទី២២សីហា២០២៤នេះ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕