នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ និងមន្ត្រីជំនាញនៅតែបន្តចុះបង្ក្រាបទប់ស្កាត់បទល្មើសនេសាទបឹងទន្លេសាប នៅរដូវត្រីពងកូនក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដូចភ្លៀងរលឹម

0

(កំពង់ធំ)÷ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ ដឹកនាំមន្រ្តីខណ្ឌ មន្រ្តីសង្កាត់ និងគណៈកម្មការសហគមន៍នេសាទសាមគ្គីកំពង់គោ អមដំណើរ លោក ដៀប ពិសិទ្ធ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ សហការជាមួយក្រុមការងារទីបញ្ជាការស្រាលប្រចាំស្រុកកំពង់ស្វាយ ដឹកនាំដោយលោក ថន ពុទ្ធា អភិលរងស្រុក បានចេញប្រតិបត្តិការត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ប្រើឧបករណ៍នេសាទស្បៃមុង  និង របាំងសាច់អួនក្រឡាញឹក (ឧបករណ៍នេសាទហាមឃាត់)  នៅចំណុច:ចុងអូរឡោ ចកល្វៃ ទួលស្វាយរៀង ស្ថិតក្នុងភូមិសាស្រ្តឃុំកំពង់គោ និងចំណុចបឹងរៀល បឹងស្ពង់ និងបឹងស្មៅ  ស្ថិតនៅក្នុងភូមិសាស្រ្តឃុំសាន់គ  ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។

លោក ជិន ស៊ីថា និងកម្លាំងចម្រុះ មន្ត្រីជំនាញចុះប្រតិបត្តិការនៅតំបន់គោលដៅលទ្ធផលអនុវត្តបានចំនួន ០២ករណី វត្ថុតាងទាំងអស់ត្រូវបានរុះរើបំផ្លាញចោលនៅនឹងកន្លែងរួមមាន របាំងស្បៃមុងចំនួន៣០របាំង ប្រវែង៣៥០ ម៉ែត្រ របាំងសាច់អួនក្រឡាញឹកចំនួន៤របាំង ប្រវែង៨៥០ ម៉ែត្រឡុកចំនួន៣៤គ្រឿង លូ/លបចំនួន៣៤មាត់ បង្គោល ១១២០ដើម ចាក់លែងត្រីស្រស់ចំរុះទំងន់៣០គីឡូក្រាម ចូលក្នុងទន្លេវិញ។

ក្នុងពេលនោះផងដែរក្រុមការងារបានចូលជួបប្រជានេសាទ ចំនួន១១គ្រួសារ នៅប្រមូលផ្តុំលើទីទួលទំនប់ចកល្វៃ បានសួរនាំពីការនេសាទ និងផ្សព្វផ្សាយ អប់រំណែនាំឱ្យពួកគាត់បានយល់ពីរដូវបិទនេសាទ និងប្រើប្រាស់ឧបករណ៍នេសាទឱ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីជលផល ចំពោះស្ថានភាពទឹកនៅតំបន់ខាងលើនេះគោករាក់ខ្លាំង ពិបាក់ធ្វើដំណើរ។

នៅសង្កាត់រដ្ឋបាលជលផលស្ទឹងសែន ចូលរួមសហការជាមួយលោកចៅសង្កាត់ស្រយ៉ូវ អូរកន្ធរ មេប៉ុស្តិ៍ស្រយូ៉វ មេប៉ុស្តិ៍អូរកន្ធរ ចុះបោះស្លាកហាមប្រើឧបករណ៍ឆក់ត្រីនៅចំណុចផ្លូវសហគមន៍បឹងត្រសែង បានចំនួន០១ស្លាកក្នុងភូមិសាស្ត្រសង្កាត់ស្រយូ៉វ និង០១ស្លាក នៅសង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ចំពោះនៅសង្កាត់រដ្ឋបាលជលផលបារាយណ៍(ប្រចាំស្រុកតាំងគោក) ចូលរួមជាមួយក្រុមការងា ចុះបោះស្លាកសញ្ញាហាមប្រើប្រាស់ឧបករណ៍ឆក់ត្រី នៅចំណុចភូមិអ្នកវាំង ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ បានចំនួន០២ស្លាក។

ចំណែកឯនៅសង្កាត់រដ្ឋបាលជលផលពាមបាង ចូលរួមជាមួយក្រុមការងារទីបញ្ជាការស្រាលប្រចាំឃុំពាមបាង ដឹកនាំដោយលោវីរៈសេនីយ៍ឯក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងជាប្រធានក្រុមការងារ បានដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការត្រួតពិនិត្យបង្រ្កាបបទល្មើសជលផល នៅចំណុច ខ្វែងសណ្ដាន់ ខ្វែងផ្ទោង និងខ្វែងតាសូរ ស្ថិតនៅក្នុង ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

លទ្ឋផលអនុវត្តបាន(០១ករណី )បានរុះរើ កាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ នៅនិងកន្លែងរួមមាន÷របាំងសាច់អួនក្រឡាញ់ញឹកចំនួន៥ របាំងប្រវែង៤៥០០ ម៉ែត្រ ឡុកចំនួន៨គ្រឿង លូចំនួន១១មាត់ បង្គោលឈើចំនួន ២៥០០ ដើម ចាក់លែងត្រីស្រស់ចម្រុះទំងន់២០គីឡូក្រាមចូលទន្លេវិញ។ អត្ថបទ វេហាស៍