រថយន្តក្រុងដឹកអ្នកដំណើរដោយឥតគិតថ្លៃបានដឹកប្រជាពលរដ្ឋចេញពីខេត្តកំពតទៅភ្នំពេញវិញហើយ

0

ខេត្តកំពត: ពលរដ្ឋដែលជិះរថយន្តក្រុងដឹកអ្នកដំណើរដោយឥតគិតថ្លៃរបស់រាជរដ្ឋាភិបាល បានសម្តែងក្តីសប្បាយរីករាយ ដែលបានជិះរថយន្តក្រុងឥតគតថ្លែងមកលេងស្រុកកំណើត និងជិះត្រឡប់ទៅភ្នំពេញវិញ ប្រកបដោយសុវត្ថិភាព និងក្តីសប្បាយរីករាយជាមួយនឹងកម្មវិធីកំពតសង្ក្រាន្តផង និងជាមួយនឹងសេវាកម្មដឹកអ្នកដំណើររបស់សម្តេចផង។ ពលរដ្ឋបានថ្លែងអំណរគុណ និងពេញចិត្តយ៉ាងខ្លាំងចំពោះការផ្តល់សេវាកម្មនេះ។

នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ រថយន្តក្រុងដឹកអ្នកដំណើរដោយឥតគិតថ្លៃ របស់រាជរដ្ឋាភិបាល បានដឹកប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកលេងខេត្តកំពត ត្រឡប់ទៅ រាជធានីភ្នំពេញវិញហើយ។ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បានសម្លែងសប្បាយរីករាយយ៉ាងខ្លាំង ដែលបានមកលេងកំពងសង្ក្រាន្ត រយៈពេលបីថ្ងៃ  និងបានថ្លែងអំណរគុណដល់សម្តេចតេជោ និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលតែងគិតគូពីសុខទុក្ខ និងបានផ្តល់សេវាកម្មរថយន្តក្រុងដឹកអ្នកដំណើរដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យទានធំៗ មានចូលបុណ្យចូលឆ្នាំថ្មី និងបុណ្យភ្ជុំបិណ្ឌជាដើម។

បុគ្គលិករដ្ឋករស្វយ័តដឹកជញ្ជូនអ្នកដំណើរតាមរថយន្តក្រុងរាជធានីភ្នំពេញ បានបញ្ជាក់ថា ព្រឹកនេះរថយន្តក្រុងនៅខេត្តកំពតមានចំនួន៨គ្រឿង ចាំដឹកប្រជាពលរដ្ឋ និងភ្ញៀវទេសចរទៅភ្នំពេញវិញ  និងមានរថយន្ត១គ្រឿងទៀត ចាំដឹកពលរដ្ឋ និងភ្ញៀវទេសចរចេញពីភ្នំពេញមកក្រុងកំពតវិញដែរ។ ហើយរថយន្តនឹងដំណើរ នៅពេលចំនួនអ្នកជិះពេញកៅអីរថយន្ត ហើយរថយន្តជើងដំបូងបានចេញពីកំពតទៅភ្នំពេញ នៅវេលាម៉ោង៧ ហើយនឹងចេញដំណើរបន្តបន្ទាប់ទៀត រហូតអស់រថយន្តទាំង៩គ្រឿង៕ សេង ណារិទ្ធ