ប្រជាពលរដ្ឋ ១៥នាក់ សង្ស័យពុលអាហារ នៅក្នុងពិធីបុណ្យសពមូយ របស់អ្នកស្រុកវើនសៃ នៃខេត្តរតនគិរី !

0

ដោយ៖ឡុង សំបូរ
ខេត្តរតនគិរី៖ យ៉ាងហោចណាស់មានមនុស្ស ១៥នាក់ បានរងការពុលអាហារ រីឯក្រុមគ្រូពេទ្យបានដាក់ការសង្ស័យថា អាចបណ្តាលមកពីជនរងគ្រោះ បរិភោគភ្លាសាច់គោឆៅ នៅក្នុងពិធីបុណ្យសពមួយ ដែលបានកើតឡើងនាវេលាម៉ោង ៩ និង៣០នាទីយប់ ថ្ងៃទី៧កញ្ញា២០២៤ ស្ថិតនៅភូមិកាឡៃសាវង ឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរី។
យោងតាមរបាយការណ៍បឋម របស់ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តរតនគិរី បានឲ្យអ្នកសារព័ត៌មានដឹងថា ប្រជាពលរដ្ឋទាំង១៥នាក់ ដែលរងការពុលអាហារនោះ គឺ នៅម៉ោង ១រសៀល ថ្ងៃទី៧កញ្ញា២០២៤ ពួកគាត់ (ជនរងគ្រោះ) បានមកជួយកំដរក្នុងពិធីបុណ្តសពរបស់អ្នកស្រុកវើនសៃ ហើយបាននាំគ្នាធ្វើភ្លាសាច់គោបរិភោគ។ លុះដល់ម៉ោងប្រហែល ៤រសៀល ពួកគាត់មានអាការៈមិនស្រួលខ្លួន ដោយមានរោគសញ្ញាដូចជា រាគ ក្អូត និងឈឺក្បាល រួចក៏ចូលមកសម្រាកនៅ មណ្ឌលសុខភាពភ្នំកុកចំនួន ៥នាក់ មណ្ឌលសុខភាពអូរជុំចំនួន ៥នាក់ និងនៅក្នុងភូមិ ៥នាក់ ដោយសារមានអាការៈស្រាល។
ក្រោយទទួលបានរបាយការណ៍ ជុំវិញករណីពុលអាហារនោះភ្លាម ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី លោកវេជ្ជបណ្ឌិត ជា សានិត បានដឹកនាំក្រុមឆ្លើយតបបន្ទាន់ ដោយសហការជាមួយ អាជ្ញាធរមូលដ្ឋាន បានចុះទៅកាន់ទីតាំងកើតហេតុទាំងយប់ ដើម្បីរកមូលហេតុ ដែលបណ្តាលឱ្យមានការពុលអាហារ នៅក្នុងពិធីបុណ្យសពនោះ។ ស្របពេលជាមួយគ្នានោះ ក្រុមការងារឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត បានប្រមូលសំណាកម្ហូបអាហារ ដែលនៅសេះសល់ពីការបរិភោគរបស់អ្នកជំងឺ ដើម្បីយកមកធ្វើតេស្ត វិភាគ នៅមន្ទីរពិសោធន៍រាជធានីភ្នំពេញ។
ខណៈនោះ ក្រុមគ្រូពេទ្យ និងក្រុមការងារឆ្លើយតបបន្ទាន់ បានអង្កេត តាមដានយ៉ាងយកចិត្តទុកដាក់ និងបានដាក់ការសង្ស័យថា ករណីប្រជាពលរដ្ឋ ១៥នាក់ ពុលអាហារនោះ អាចមកពីបរិភោគម្ហូបអាហារ (ភា្លសាច់គោឆៅ) នៅក្នុងពិធីបុណ្យសពនោះ៕