ដោយ៖ឡុង សំបូរ
ខេត្តស្ទឹងត្រែង៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន ដោយមានការចូលរួមពី លោក ប៉ែន លីណាត អភិបាលរងខេត្តស្ទឹងត្រែង គណៈប្រតិភូក្រសួង មន្ទីរ និងអង្គភាពពាក់ព័ន្ធ បានចុះទៅកាន់ស្រុកចំនួន៤ របស់ខេត្តស្ទឹងត្រែង ក្នុងនោះ មានស្រុកបុរីអូរស្វាយសែនជ័យ ស្រុកសៀមប៉ាង និងស្រុកថាឡាបរិវ៉ាត់
ដែលជាស្រុកនៅជាប់ព្រំដែនប្រទេសឡាវ និងស្រុកសៀមបូក ដើម្បីពិនិត្យពីស្ថានភាពផ្លូវ ដែលបានស្ថាបនារួចរាល់នាពេលកន្លងមក។
នៅក្នុងដំណើរឆ្ពោះទៅកាន់តំបន់ព្រំដែនកម្ពុជា-ឡាវ ដែលបានធ្វើឡើងនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ របស់រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន គឺ ដើម្បីពិនិត្យពីស្ថានភាពផ្លូវនៅតាមខ្សែក្រវ៉ាត់ព្រំដែន ក្រាលល្បាយគ្រួស មានប្រវែង ១៧៩,២គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៧ ត្រង់ចំណុចដុងក្រឡ ស្ថិតក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ អូសបន្លាយឆ្ពោះទៅបង្គោលព្រំដែនលេខ ០៧៨ ត្រង់ចំណុច ភូមិញាំងស៊ុម ឃុំថ្មកែវ ស្រុកសៀមប៉ាង។
ផ្លូវអភិវឌ្ឍន៍ជនបទដែលបានស្ថាបនារួចរាល់ ចំនួន២ខ្សែ គឺផ្លូវខ្សែទី១ ខាងលើ មានសំណង់សិល្បការ្យមួយចំនួន បន្ថែមទៀត ដូចជា៖ លូ, ស្ពានបេតុង ១០កន្លែង និងទំនប់ស្ទាក់ទឹក ១០កន្លែង និងផ្លូវខ្សែទី២ ចាប់ពីចំនុចដុងក្រឡ ស្ថិតនៅក្នុង ស្រុកបុរីអូរស្វាយសែនជ័យ បន្តឆ្ពោះទៅកាន់ ស្រុកសៀមប៉ាង មានចំងាយ ៤៥គីឡូម៉ែត្រ ដែលជាផ្លូវក្រាលគ្រួសក្រហម មានសំណង់សិល្បការ្យជាច្រើនទៀត ផងដែរ។
នៅក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន រួមជាមួយ គណៈប្រតិភូថ្នាក់ជាតិ ថ្នាក់ខេត្ត បានចុះពិនិត្យបង្គោលព្រំដែនលេខ០៧៨ ,លេខ០៣៦ និងលេខ០៣៤ និងបានចុះសួរសុខទុក្ខកងទ័ព និងកងនគរបាលវរៈការពារព្រំដែនលេខ៧០១ ចំណុះស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ថែមទៀត និងលោករដ្ឋមន្ត្រី បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទ ត្រូវស្រង់ទិន្នន័យខ្នងផ្ទះ ឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការជួយផ្តល់សម្ភារៈ សំរាប់សាងសង់បង្គន់អនាម័យ ជូនកម្លាំងប្រដាប់អាវុធព្រំដែន។
ក្រោយពីពិនិត្យស្ថានភាពផ្លូវ នៅតាមបណ្តោយព្រំដែន ពិនិត្យបង្គោលព្រំដែន និងការជួបសួសុខទុក្ខកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នោះមក លោករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូ ចុះពិនិត្យផ្លូវជនបទ ៥ខ្សែទៀត នៅក្នុងស្រុកថាឡាបរិវ៉ាត់ និងស្រុកសៀមបូក ដោយខ្សែទី១ ជាប្រភេទផ្លូវក្រាលបេតុង មានប្រវែងជាង ៦គីឡូម៉ែត្រ និងទទឹង ៦ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៩ ត្រង់ចំណុចភូមិអូត្រែល ឆ្លងកាត់ភូមិកាំងតេជោ ភូមិថាឡា ឃុំថារាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ,ខ្សែទី២ ជាប្រភេទផ្លូវបេតុង មានប្រវែង ១៦ គីឡូម៉ែត្រ និងទទឹង ៥ម៉ែត្រ តភ្ជាប់ពីភូមិកាំងមេម៉ាយ ឆ្ពោះទៅភូមិដំរីផុង ស្ថិតក្នុងឃុំកោះសំពាយ ស្រុកសៀមបូក ,ខ្សែទី៣ មានប្រវែង ១៥,៧៥គីឡូម៉ែត្រ ក្នុងនោះ ផ្លួវក្រាលកៅស៊ូ DBST មានប្រវែងជាង ១១គីឡូម៉ែត្រ និងផ្លូវក្រាលបេតុង មានប្រវែងជាង ៣គីឡូម៉ែត្រ តភ្ជាប់ពីភូមិដំរីផុង ឃុំកោះសំពាយ ឆ្ពោះទៅឃុំអូរម្រះ ស្រុកសៀមបូក សម្រេចការស្ថាបនាបាន ៣០ភាគរយ ,ផ្លូវខ្សែទី៤ ជាប្រភេទផ្លូវល្បាយគ្រួស មានប្រវែងជាង ៥គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ថិតនៅក្នុងភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក និងផ្លូវខ្សែទី៥ មានប្រវែងជាង១៥គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិអូរប្ញស្សីកណ្ដាល ឃុំអូរប្ញស្សីកណ្ដាល ឆ្ពោះទៅ ភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង៕




































