អភិបាលខេត្តកែប លែងសត្វល្មិចចំនួន៣ក្បាល ចូលសមុទ្រវិញ បន្ទាប់ពីទទួលបានពីអ្នកនេសាទ

0

ដោយ សេង ណារិទ្ធ
ខេត្តកែប: ដោយមានការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្តកែប ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងមន្រ្តីនៃមន្ទីរជំនាញ អាជ្ញាធរខេត្តកែប បានយកចិត្តទុកដាក់ ក្នុងការ ការពារ ថែរក្សា និងបង្កើតអោយមានការគ្រប់គ្រងតំបន់អភិរក្សជលផលនៅក្នុងសមុទ្រនិងតាមបណ្តាកោះនានាផងនោះ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ញើញចុះទៅកោះពោធិ៍ ដើម្បីលែងសត្វល្មិច ឬហៅអណ្តើកសមុទ្រ ចំនួន៣ក្បាល ចូលទៅសមុទ្រវិញ ស្ថិតភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។

បន្ថែមពីនោះ ដោយមានកិច្ចសហការជាមួយ​គណៈកម្មាធិការជាតិ​សន្តិសុខលម្ហ​សមុទ្រ បន្ទាប់ពីលែង​អណ្ដើក​សមុទ្រ​ទម្ងន់សរុប​ជាង១០០គីឡូក្រាម​​ ឯកឧត្តមក៏បានបន្តសួរ​សុខទុក្ខ​កងកម្លាំង​ប្រចាំការ​ ការពារ​អធិបតេយ្យភាព​ជាតិ​ខ្មែរ​តាមបណ្ដាកោះ​ ក្នុងភូមិសាស្រ្ត​ខេត្តកែបផងដែរ។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ថា ការលែងសត្វល្មិចនេះ ជាការបញ្ជាក់ពីការចូលរួមរវាងអ្នកនេសាទ និងមន្ត្រីជំនាញ ក្នុងការរួមសាមគ្គីគ្នាដើម្បីថែរក្សាជីវចម្រុះដ៏កម្រក្នុងសមុទ្រខេត្តកែបអោយបានស្ថិតស្ថេរគង់វង្ស ។

ក្នុងនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាជានេសាទ ត្រូវបន្តចូលរួមថែរក្សាសត្វសមុទ្រ ពិសេសប្រភេទសត្វកម្រ ដូចជាត្រីដូហ្វីន ជ្រូកទឹក និងសត្វល្មិចនេះជាដើម អោយបានគង់វង្ស ក្រៅពីនេះត្រូវបង្កើនការការពារ អភិរក្ស ដោយប្រើប្រាស់ធនធានជលផលសមុទ្រប្រកបដោយនិរន្តរភាព ស្របតាមគោលនយោបាយចក្ខុវិស័យជលផលជាតិ និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋអោយកាន់តែរីកចម្រើន។

សូមបញ្ជាក់ថា កន្លងមកមន្ទីរពាក់ព័ន្ធ ក៏បានធ្វើការណែនាំ អប់រំ ផ្សព្វផ្សាយ ដល់ប្រជានេសាទ អោយយល់ដឹងអំពីប្រយោជន៍ ក្នុងការថែរក្សា គាំពារ សត្វសមុទ្រ ដែលជាសត្វកម្រ ដូចជាប្រភេទសត្វល្មិចនេះជាដើម ក្នុងន័យបង្កើនការយល់ដឹងពីគុណប្រយោជន៍នៃសត្វសមុទ្រទាំងនេះផងដែរ៕