ខេត្តបាត់ដំបង៖ “ផ្សារបឹងឈូក” គឺគេផ្សារធំមួយកន្លែងស្ថិតនៅក្នុងភូមិសាស្ត្រ ក្រុងបាត់ដំបង ហើយក៏ជាផ្សារមួយដែលមានការវិនិយោគ និងបោះទុនពីសំណាក់អតីតលោកឧកញ៉ា តាន់ ឈុន ហើយបច្ចុប្បន្នអ្នកស្នងបន្តគឺលោក តាន់ មីសែល ដែលត្រូវជាកូនប្រុសរបស់ថៅកែផ្សាររូបនេះ។
គួរបញ្ជាក់ដែរថាតាំងពីទីតាំងផ្សារនេះបង្កើតឡើងគឺ មានភាពចម្រុងចម្រាស់ច្រើន លើកច្រើនសារ ជាមួយមេការគ្រប់គ្រងទីផ្សារ និងក្រុមអាជីវករ អំពីទីតាំងសម្រាប់ឲ្យអាជីវករលក់ដូរ របស់របរកំប៉ិកកំប៉ុកដោយមេការផ្សារតែងតែដេញ ម្ដងឲ្យលក់ត្រង់នេះម្ដងឲ្យលក់ត្រង់នោះ ហាក់មិនមានទីតាំងពិតប្រាកដសម្រាប់ឲ្យអាជីវករលក់ដូរ។
ក្រុមអាជីវករនៅជុំវិញផ្សារមួយចំនួនបានរិះគន់ថា ម្ចាស់ផ្សារហាក់មិនសូវខ្វល់ខ្វាយអំពីបញ្ហាអ្វីដែលបានកើតឡើងនោះទេ គឺសំខាន់គេខ្វល់ខ្វាយពីរឿងលុយតែប៉ុណ្ណោះ ដែលជាក់ស្ដែងប្រព័ន្ធលូក៏តូចចង្អៀត ដែលនៅពេលភ្លៀងខ្លាំងម្ដងៗធ្វើឲ្យទឹកលិចគ្រប់ច្រកល្ហក ហើយផ្លូវក្នុងផ្សារនិងជុំវិញបរិវេណផ្សារក៏មានការពិបាកក្នុងការធ្វើដំណើរ ដែលបញ្ហាទាំងអស់នេះគឺជាតួនាទីរបស់ថៅកែបផ្សារ បឹងឈូកផ្ទាល់តែម្ដង ដែលជាអ្នករៀបចំឲ្យបានសមរម្យដើម្បីឲ្យអាជីវករបានលក់ដូរស្រួលបួល។ ពួកគាត់បានបន្ថែមថា ជិតមួយឆ្នាំកន្លងមកនេះផ្លូវជុំវិញផ្សារគឺមានការកកស្ទះយ៉ាងខ្លាំង ដោយអ្នកលក់ដូរក្រោមឆ័ត្រ កាន់តែពង្រីកមាឌមកលើផ្លូវដើរស្ទើរទាំងស្រុងទៅហើយ ដែលធ្វើឲ្យពួកគាត់ដែលមានផ្ទះល្វែងនៅជុំវិញផ្សារពិបាកក្នុងការរកស៊ី ព្រោះអ្វីៗពេញពីមុខផ្ទះទាំងអស់ ហើយគ្មានការសម្រួលពីសន្តិសុខផ្សារសោះឡើយ ពិសេសតាមផ្លូវក្នុងផ្សារនោះស្ទើរតែរកផ្លូវដើរសឹងមិនបានទៅហើយ ដោយសារតែការកកស្ទះនិងចង្អៀតគ្មានសណ្ដាប់ធ្នាប់។
ជាចុងក្រោយពួកគាត់ក៏បានសំណូមពរឲ្យអាជ្ញាធរខេត្តដែលពាក់ព័ន្ធ មេត្តាជួយពិនិត្យលើបញ្ហាទាំងនេះផង ដើម្បីកុំឲ្យលោកដង្ខៅផ្សារជិះសេះលេងដៃរាល់ឆ្នាំពេក ដែលហាក់ដូចជាមិនខ្វល់នឹងអ្វីទាំងអស់។ ជុំវិញបញ្ហានេះដែរអ្នកយកព័ត៌មានយើង មិនអាចសុំការបំភ្លឺពីលោក តាន់ មីសែល បាននោះឡើយ ប៉ុន្តែយើងសង្ឃឹមថាលោកនិងធ្វើការបកស្រាយពេលក្រោយផងដែរ ៕
អត្ថបទ : សោ និយមរ័ត្ន