ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះធម្មជាតិជាង ៤០០គ្រួសារ នៅខេត្តស្ទឹងត្រែង ទទួលបានអំណោយសង្គ្រោះបន្ទាន់ ពីប្រមុខរាជរដ្ឋាភិបាល

0

ខេត្តស្ទឹងត្រែង៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានផ្តល់អំណោយសង្គ្រោះបន្ទាន់ តាមរយៈរដ្ឋបាលខេត្តស្ទឹងត្រែង ដែលមាន ឯកឧត្តម សរ សុពុត្រា ជាអភិបាលខេត្ត ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក៏ដូចប្រជាពលរដ្ឋរងផលប៉ះពាល់ ដោយសារគ្រោះធម្មជាតិ ។

អភិបាលរងខេត្តស្ទឹងត្រែង លោកស្រី កែវ សាវឿន តំណាងអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា នៅថ្ងៃទី២៥កញ្ញា២០២៤នេះ បានដឹកនាំមន្ត្រីខេត្ត ក្រុង ស្រុក មន្ត្រីថ្នាក់មូលដ្ឋាន និងមានការសមាជិកក្រុមប្រឹក្សាខេត្ត នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចែកជូនប្រជាពលរដ្ឋក្រីក្រ និងពលរដ្ឋរងផលប៉ះពាល់ពីគ្រោះធម្មជាតិ ៤៥០គ្រួសារ មកពីឃុំចំនួន៥ នៅក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទាខេត្តស្ទឹងត្រែង លោក ស៊ុត វណ្ណា បានបញ្ជាក់ថា អំណោយដែលនាំយកមកចែកជូនប្រជាពលរដ្ឋ ទាំង៤៥០គ្រួសារនៅពេលនេះ គឺជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ឋជន និងយុវនិតិសម្បទា ដោយក្នុង ១គ្រួសារៗ ទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខកំប៉ុង ១យួរ ទឹកត្រី ១យួរ និងភួយ១ ផងដែរ។

អភិបាលរងខេត្តស្ទឹងត្រែង ​លោកស្រី កែវ សាវឿន បានថ្លែងថា ដោយមើលឃើញពីស្ថានភាពរបស់ប្រជាពលរដ្ឋដែលជួបការលំបាកលើជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេស ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ជនពិការ កុមារកំព្រា និងជនរងគ្រោះដោយសារគ្រោះធម្មជាតិផ្សេងៗ  ដែលត្រូវការជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសប្បុរសជននានា ផងដែរ។

លោកស្រី កែវ សាវឿន បានបន្តថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីសម្បទា ដែលមានមន្ទីរសង្គមកិច្ចខេត្ត ជាសេនាធិការ បាននាំយកអំណាយរបស់រាជរដ្ឋាភិបាល មកចែកជូនប្រជាពលរដ្ឋនៅពេលនេះ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហា ដែលជួបប្រទះការខ្វះខាត និងដោះស្រាយជីវភាពរបស់បងប្អូនបានមួយកំរិត សំដៅការអភិវឌ្ឍ រួមចំណែកលើកកម្ពស់ជីវភាពរបស់បងប្អូនឲ្យកាន់តែល្អថែមទៀត ។

លោកស្រីអភិបាលរងខេត្ត បានបន្តទៀតថា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អាណត្តិទី៧នេះ និងបន្តធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងបានកសាងអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័នលើគ្រប់វិស័យ ព្រមទាំងបានយកចិត្តទុកដាក់គិតគូសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស គឺមិនឲ្យប្រជាពលរដ្ឋមានការខ្វះខាត ឬលំបាកលំបិននោះឡើយ៕ ដោយ៖ឡុង សំបូរ