ខេត្តស្ទឹងត្រែង៖ នៅក្នុងដំណើរចុះជួបសួរសុខទុក្ខ និងការជូនដំណើរប្រជាពលរដ្ឋ ដែលបានមកកាន់ស្រុកកំណើត ហើយបានវិលត្រឡប់ទៅកាន់រាជធានីភ្នំពេញវិញ ក្រោយពីពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ត្រូវបានបញ្ចប់ទៅ ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលនោះ អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា នៅព្រឹកថ្ងៃទី៤តុលានេះ បានថ្លែង ចាត់ទុកដំណើរមកលេងស្រុកកំណើតរបស់ប្រជាពលរដ្ឋ គឺជាជោគជ័យរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត។
ស្របពេលជាមួយនឹងការវិលត្រឡប់ពីខេត្តស្ទឹងត្រែង ចូលរាជធានីភ្នំពេញវិញរបស់ប្រជាពលរដ្ឋ កម្មករ និងកម្មការនី ប្រមាណ ១ពាន់ ២២៥នាក់ នាព្រឹកថ្ងៃទី៤តុលានោះ ពួកគាត់បានសំដែងការសាទរចំពោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចំណាយថវិកាក្នុងការរៀបចំរថយន្តក្រុង សម្រាប់ដឹកជញ្ជូនពួកគាត់ទាំងមក និងទាំងវិលត្រឡប់ទៅវិញ ដោយឥតគិតប្រាក់កម្រៃ ប្រកបដោយសុខសុវត្ថិភាព។ មិនតែប៉ុណ្ណោះ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានយកចិត្តទុកដាក់ខ្ពស់ និងបានចែកទឹកបរិសុទ្ធជូនពលរដ្ឋអ្នកដំណើរ នៅក្នុងរថយន្តក្រុង ប្រកបដោយភាពរាក់ទាក់ និងស្និទ្ធស្នាលបំផុត។
នៅក្នុងឱកាសនោះ ឯកឧត្តម សរសុពុត្រា មានប្រសាសន៍ថា នេះជាការយកចិត្តទុកដាក់ យ៉ាងអស់ពីចិត្តពីថ្លើម ចំពោះបងប្អូនកម្មករ និងប្រជាពលរដ្ឋយើង ទៅធ្វើការងារ បានប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាព ទោះបីថាពួកគាត់ បម្រើការងារនៅក្នុងរោងចក្រ នៅតាមផ្ទះឬនៅ ក្រុមហ៊ុនឯកជនក្តី បងប្អូនកម្មករយើងរីករាយសប្បាយចិត្ត បានមកលេងស្រុកកំណើតនៅក្នុងឱកាសមានបុណ្យទាន ដោយមិនចំណាយថវិកា ក្នុងការធ្វើដំណើរនោះទេ ។
ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង សូមឱ្យដំណើរវិវត្តន៍ទៅបំពេញការងារវិញ ឱ្យមានសុខសុវត្ថិភាព និងទទួលបានភាពរីកចម្រើនគ្រប់យ៉ាង ជាពិសេសបងប្អូនយើងត្រូវខិតខំបំពេញការងារ រួមសាមគ្គីគ្នាស្រឡាញ់ជាតិមាតុភូមិ និងនាំគ្នាបន្តថែរក្សាសុខសន្តិភាព ដើម្បីធ្វើឱ្យប្រទេសជាតិ កាន់តែមានការអភិវឌ្ឍបន្ថែមទៀត ដែលជាការផ្តល់ការងារសម្រាប់អនាគតកូនចៅយើងជំនាន់ក្រោយ។
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសាលារាជធានីភ្នមពេញ បានរៀបចំរថយន្តក្រុង ២០គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋមកកាន់ខេត្តស្ទឹងត្រែង និងពីខេត្តស្ទឹងត្រែង ទៅរាជធានីភ្នំពេញវិញ មានចំនួន ២០គ្រឿង ចាប់ពីថ្ងៃទី២៩កញ្ញា ដល់ថ្ងៃទី៤តុលា២០២៤។
សូមជម្រាបថា នៅក្នុងឱកាស នៃពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃ (១តុលា-៣តុលា២០២៤) ខេត្តស្ទឹងត្រែង ទទួលបានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលបានចូលមកកម្សាន្ត នៅតាមតំបន់មរណីដ្ឋាននានាក្នុងខេត្ត មានចំនួន ១ម៉ឺ ៤ពាន់ ៤៣១នាក់ ក្នុងចំណោមនោះ ភ្ញៀវអន្តរជាតិ ៥៥នាក់។ នេះបើតាមការបញ្ជាក់របស់ ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន នៅថ្ងៃទី៣តុលា២០២៤៕ដោយ៖ឡុង សំបូរ